ព័ត៌មានអន្តរជាតិ

ការអបអរសាទរជ័យជម្នះពានរង្វាន់ Champions League ប្រែជាហិង្សានៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង

image

បារាំង៖ ការអបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ PSG ក្នុងពានរង្វាន់អឺរ៉ុប ឆេមពាន លីក (Champions League) បានក្លាយជាព្រឹត្តិការណ៍នៃភាពចលាចលយ៉ាងខ្លាំងនៅក្នុងទីក្រុងប៉ារីស កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីក្រុមអ្នកគាំទ្រជ្រុលនិយម បានបើកការវាយប្រហារ និងប៉ះទង្គិចគ្នាជាមួយកម្លាំងមានសមត្ថកិច្ច ។
 
នៅក្នុងភាពចលាចលកណ្តាលទីក្រុងនេះ ក្រុមអ្នកគាំទ្របានគប់គ្រាប់បែកផ្សែង និងដុតបង្ហុយកាំជ្រួចផ្សែង រួមទាំងគប់វត្ថុរឹងតម្រង់ទៅរកសមត្ថកិច្ច ធ្វើឱ្យអាជ្ញាធរសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក រួមទាំងបិទតំបន់ប៉ម តួរអេហ្វ៊ែល (Eiffel Tower) និងផ្អាកប្រព័ន្ធដឹកជញ្ជូនសាធារណៈទូទាំងក្រុងប៉ារីសជាបណ្តោះអាសន្ន ។
 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង គូសបញ្ជាក់ថា ភាពវឹកវរនេះបានរីករាលដាលដល់ទីក្រុងចំនួន ១៥ ក្នុងប្រទេស បណ្តាលឱ្យមនុស្ស ២១៩ នាក់រងរបួស ជាង ៧៨០ នាក់ត្រូវបានចាប់ខ្លួន និងយុវជនម្នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ដួលម៉ូតូកែច្នៃ នៅលើផ្លូវក្រវាត់ក្រុង ភើរីភើរីក (Peripherique) ដែលជាផ្លូវត្រូវបានក្រុមអ្នកគាំទ្រឡោមព័ទ្ធ និងបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីអបអរសាទរជ័យជម្នះ ។
 
ទោះជាយ៉ាងណាក្ដី គម្រោងដង្ហែពានរង្វាន់របស់ក្លិប PSG បានធ្វើឡើងដដែលកាលពីរសៀលថ្ងៃអាទិត្យនេះ តាមបណ្តោយផ្លូវក្បែរប៉ម តួរអេហ្វ៊ែល (Eiffel Tower) ហើយក្រុមការងារនិងកីឡាករទាំងអស់ ក៏បានចូលរួមក្នុងពិធីជប់លៀងអបអរជ័យជម្នះ ដែលរៀបចំឡើងដោយលោកប្រធានាធិបតី អេម៉ានូអ៊ែល ម៉ាក្រុង ផ្ទាល់តែម្តង ៕
 
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY video.