អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យ ៨០ទីតាំង រកឃើញជនបរទេសស្នាក់នៅជាង ១៣០០នាក់ ក្នុងនោះជនបរទេសចំនួន ១៦នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ រួមនឹងរដ្ឋបាលខណ្ឌទាំង១៤ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានធ្វើចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ដើម្បីរបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ ៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពី លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទ១ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងប្រតិបត្តិការរយៈពេល ១ថ្ងៃនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យទីតាំងសរុបបានចំនួន ៨០ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.៣៥៤នាក់ (ស្រី ៣៨៣នាក់) ក្នុងនោះជនបរទេសចំនួន ១៦នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ជារួមមិនបានឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។
លោកស្រីអ្នកនាំពាក្យ បានបន្តទៀតថា ដោយឡែកចំពោះ ខណ្ឌ៧មករា បានរកឃើញទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ១ករណី នៅបន្ទប់លេខ២៦០៥ ជាន់ទី២៦ នៃអគារ Skyline B ស្ថិតនៅអគារលេខ៦ ផ្លូវលេខ១៣៤ ភូមិ៣ សង្កាត់វាលវង់ រួមមាន កុំព្យូទ័រ (Laptop) ៤គ្រឿង ម៉ូនីទ័រ ១គ្រឿង និងទូរសព្ទដៃ ១៥គ្រឿង ប៉ុន្តែមិនមានមនុស្សស្នាក់នៅទេ។ រីឯនៅខណ្ឌឫស្សីកែវវិញ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង នៅក្នុងបុរី ផេនសៀ ស្ថិតនៅសង្កាត់ស្វាយប៉ាក រួមមក បានរកឃើញមានសម្ភារគួរឱ្យសង្ស័យមួយចំនួនធំ នៅក្នុងផ្ទះលេខ៨I ផ្លូវលេខP១ និងផ្ទះលេខ៨D ផ្លូវលេខP៣ រួមមាន ទូរសព្ទដៃចំនួន ៣១៧គ្រឿង កុំព្យូទ័រ (all in one) ចំនួន ៤០គ្រឿង ម៉ូនីទ័រចំនួន ៦គ្រឿង និងធុង CPUចំនួន ៣គ្រឿង ដោយមិនមានមនុស្សស្នាក់នៅ ឬប្រព្រឹត្តបទល្មើសនៅទីតាំងនោះទេ។
ចំណែកគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានរកឃើញជនបរទេសចំនួន ៩នាក់ ស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែន ៦នាក់ និងផុតទិដ្ឋាការ ៣នាក់) ១. ជនជាតិចិន (គ្មានលិខិតឆ្លង ៦នាក់ និងផុតទិដ្ឋាការ ១នាក់) ២. នីហ្សេរីយ៉ា (ផុតទិដ្ឋាការ) ៣. បង់ក្លាដេស (ផុតទិដ្ឋាការ) ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន ១នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ករណីមិនសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យរដ្ឋបាល និងគ្មានមុខរបរច្បាស់លាស់។ ជនបរទេសចំនួន ៩នាក់ខាងលើ សម្រេចប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ដ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់បន្ថែមទៀតថា ក្រោយការពិនិត្យរួច វត្ថុតាង រួមទាំងជនបរទេសដែលស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តនីតិវិធី។ ក្នុងថ្ងៃជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក សរុបចំនួន ៤ទីតាំង មានមនុស្សចំនួន ៥នាក់ គិតជាថវិកាសរុបបានចំនួន ២០.០០០.០០០រៀល៕