ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី រឹតបន្តឹងការនាំចូលត្រីសមុទ្រ និងផ្អាកនាំចូលបង្គា ៥ ប្រភេទពីប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមិថុនានេះតទៅ

image

ម៉ាឡេស៊ី៖ ក្រសួងកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសថា ខ្លួននឹងរឹតបន្តឹងការត្រួតពិនិត្យលើការនាំចូលផលិតផលជលផលពីប្រទេសថៃ ដោយតម្រូវឱ្យមាន «វិញ្ញាបនបត្របញ្ជាក់ពីការវិភាគគុណភាព (CoA)» សម្រាប់ត្រីសមុទ្រប្រភេទស៊ីបាស (Seabass) ព្រមទាំងដាក់ចេញនូវវិធានការផ្អាកនាំចូលជាបណ្តោះអាសន្នលើបង្គាចំនួន ៥ ប្រភេទ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនានេះតទៅ ។
 
យោងតាមការបញ្ជាក់របស់ក្រសួង បានឱ្យដឹងថា វិធានការផ្អាកនាំចូលជាបណ្តោះអាសន្ននេះ ធ្វើឡើងចំពោះប្រភេទបង្គាដូចជា៖ បង្គាប៉ារ៉ា (Brown tiger prawn), បង្គាស (Banana prawn), បង្គាវ៉ាណាម៉ៃ (Whiteleg shrimp), បង្គាថ្លឹង (Giant tiger prawn) និងបង្គាខៀវ (Blue shrimp) ។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងខែឧសភា ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា «ការរឹតត្បិតលើការនាំចូលបង្គានេះ នឹងត្រូវបន្តអនុវត្តរហូតទាល់តែអាជ្ញាធរថៃ ដាក់ជូននូវរបាយការណ៍ឆ្លើយតបជាផ្លូវការទាំងស្រុង ទៅនឹងសំណួរនានាដែលចោទសួរដោយភាគីម៉ាឡេស៊ី ហើយវាក៏ត្រូវស្ថិតនៅក្រោមការវាយតម្លៃបន្ថែមទៀតពីអាជ្ញាធរម៉ាឡេស៊ី ផ្អែកលើចម្លើយឆ្លើយតបទាំងនោះ»។ ក្រសួងបន្ថែមថា វិធានការណ៍នេះ មានគោលបំណងពង្រឹងការត្រួតពិនិត្យសុវត្ថិភាពស្បៀងអាហារជាតិ ជាពិសេសដើម្បីធានាថា ត្រីក្រពត និងបង្គាដែលហូរចូលមកក្នុងទីផ្សារក្នុងស្រុកម៉ាឡេស៊ី គឺស្របតាមស្តង់ដារសុវត្ថិភាព និងគុណភាពដែលបានកំណត់ ។
 
យោងតាមក្រសួងកសិកម្ម វិធានការត្រួតពិនិត្យការនាំចូលនេះ នឹងត្រូវអនុវត្តឡើងក្នុងទម្រង់សហការសមាហរណកម្មជាមួយ «កម្មវិធីសុវត្ថិភាព និងគុណភាពចំណីអាហារ» ស្ថិតក្រោមក្រសួងសុខាភិបាល, នាយកដ្ឋានសេវាកម្មត្រួតពិនិត្យ និងចត្តាឡីស័កម៉ាឡេស៊ី (MAQIS) និងទីភ្នាក់ងារការពារ និងត្រួតពិនិត្យព្រំដែនម៉ាឡេស៊ី (AKPS) នៅតាមគ្រប់ច្រកទ្វារព្រំដែនទូទាំងប្រទេស ។
 
ក្រសួងបានបញ្ជាក់បន្ថែមថា កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តធ្វើឡើង ដើម្បីធានាថាការអនុវត្តវិធានការត្រួតពិនិត្យការនាំចូលនេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូន ដោយមិនប៉ះពាល់ដល់ស្ថិរភាពនៃការផ្គត់ផ្គង់ត្រីស៊ីបាស (Seabass និងបង្គានៅក្នុងប្រទេសម៉ាឡេស៊ី នោះឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Bernama  via The Star| រូបភាព៖ Sayuti Zainudin via Malay Mail/ Source via The Sun/ sinchiplongseafood (http://www.sinchiplongseafood.com/en/fish/79-siakap.html) & inp.polri.go.id (https://inp.polri.go.id/artikel/indonesia-continues-shrimp-exports-to-us-despite-stricter-import-rules) on Microsoft Bing