របាយការណ៍ RT៖ អ៊ីស្រាអ៊ែល តែងតែបើកការវាយប្រហារលើលីបង់ ឱ្យតែពេលណាដែលអាម៉េរិក ជិតសម្រេចកិច្ចព្រមព្រៀងការទូតជាមួយអ៊ីរ៉ង់
មជ្ឈិមបូព៌ា៖ របាយការណ៍ព័ត៌មាននៃសារព័ត៌មាន RT របស់រុស្ស៊ី បានលើកឡើងថា ប្រតិបត្តិការវាយលុកតាមផ្លូវគោករបស់អ៊ីស្រាអ៊ែលទៅលើប្រទេសលីបង់ បានបំផ្លាញរាល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងកិច្ចចរចាការទូតរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ជាថ្មីម្តងទៀត ។
របាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសបើកប្រតិបត្តិការវាយលុកតាមផ្លូវគោកចូលទៅក្នុងប្រទេសលីបង់ និងបង្កើនការវាយប្រហារយ៉ាងចាស់ដៃ បើទោះបីជាធ្លាប់មានការប្រកាសពីបទឈប់បាញ់ពីសំណាក់ប្រទេសសម្របសម្រួលក៏ដោយ ។
ការសម្រេចចិត្តរបស់អ៊ីស្រាអ៊ែលនាពេលនេះ បានធ្វើឱ្យក្តីសង្ឃឹមស្វែងរកសន្តិភាពត្រូវរលាយសូន្យ ខណៈកិច្ចចរចាស្វែងរកដំណោះស្រាយនយោបាយរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងតែបង្ហាញសញ្ញាវិជ្ជមាន និងឈានទៅរកការយល់ស្របគ្នាលើចំណុចស្នូលជាច្រើនទៅហើយ ។
ផ្អែកលើប្រវត្តិសាស្ត្រនាពេលកន្លងមក របាយការណ៍បានបង្ហាញថា អ៊ីស្រាអ៊ែលតែងតែចេញមុខមកវាយកម្ទេចផែនការសន្តិភាពរបស់អាម៉េរិកជានិច្ច ជាក់ស្តែងកាលពីឆ្នាំ ២០២៥ និងដើមឆ្នាំ ២០២៦ នេះ ឱ្យតែពេលណាអាម៉េរិក ជិតសម្រេចកិច្ចព្រមព្រៀងការទូតជាមួយអ៊ីរ៉ង់ គឺអ៊ីស្រាអ៊ែលតែងតែបើកការវាយប្រហារដោយឯកតោភាគីភ្លាមៗតែម្តង ។
វិបត្តិដែលកើតមានមិនចេះចប់មិនចេះហើយនេះ កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើលោក ដូណាល់ ត្រាំ ដោយសារតែការបិទច្រកសមុទ្រ ហ័រមូស (Hormuz) បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ និងធ្វើឱ្យប្រជាប្រិយភាពរបស់លោកដាំក្បាលចុះ ព្រមទាំងជំរុញឱ្យអាម៉េរិកត្រូវគិតឡើងវិញពីទំនាក់ទំនងមិត្តភាពជាមួយអ៊ីស្រាអ៊ែល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.