កងទ័ពអ៊ីស្រាអ៊ែល បើកការទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃលើលីបង់ ទោះបីជាមានការប្រកាសពន្យារពេលបទឈប់បាញ់ចំនួន ៤៥ ថ្ងៃក៏ដោយ
លីបង់៖ កងទ័ពអ៊ីស្រាអ៊ែល បានបើកការទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃទៅលើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡាហ៍ជាង ១០០ កន្លែង ដែលនេះត្រូវបានចាត់ទុកជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីបទឈប់បាញ់សម្របសម្រួលដោយអាម៉េរិកបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមេសា ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសជាផ្លូវការពីការបញ្ជូនកងទ័ពជើងគោកទ្រងទ្រាយធំ ចូលទៅវាយលុកកាន់តែជ្រៅនៅភាគខាងត្បូងលីបង់ ដើម្បីគ្រប់គ្រងតំបន់យុទ្ធសាស្ត្រសំខាន់ៗ និងបានកោតសរសើរដល់កងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មបានយ៉ាងល្អ ។
ទីភ្នាក់ងារព័ត៌មាន RT បានរាយការណ៍ថា ស្ថានភាពជាក់ស្តែងនៅលីបង់ មានភាពតានតឹងខ្លាំង ដោយសារតែអ៊ីស្រាអ៊ែលនៅតែបន្តវាយប្រហារ និងកៀរគរកងទ័ពបម្រុងបន្ថែមទៀត ទោះបីជាមានការប្រកាសពន្យារពេលបទឈប់បាញ់ចំនួន ៤៥ ថ្ងៃក៏ដោយ ដែលរឿងនេះ បានបង្កឱ្យមានការផ្ទុះអាវុធនិងប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយក្រុមហេសបូឡាហ៍ឥតឈប់ឈរ ។
ទោះបីជាភាគីយោធាអ៊ីស្រាអ៊ែលអះអាងថា ការបង្កើនកងទ័ពនេះ ធ្វើឡើងដើម្បីទប់ទល់នឹងដ្រូនបំផ្ទុះក៏ដោយ ប៉ុន្តែការវាយប្រហារលើដីគោកបានបង្កជាសោកនាដកម្មសម្លាប់ប្រជាជនស៊ីវិលយ៉ាងរង្គាល ជាក់ស្តែងដូចជាការសម្លាប់ក្រុមគ្រួសារមួយដែលមានមនុស្ស ១១ នាក់ នៅក្នុងស្រុកណាបាទីយ៉េ (Nabatieh)៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.