ទីបំផុត! រដ្ឋាភិបាលទីម័រឡេស្តេ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលជួយអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា
ទីម័រឡេស្តេ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅថ្ងៃទី១ ខែមិថុនានេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ” ក្រោមអធិបតីភាពលោក Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ, លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈប្រតិភូ សរុបចំនួន ៥០០នាក់។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា និងក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ ទីម័រឡេស្តេ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាឃ្នាស់ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
ដោយមានការគាំទ្រយ៉ាងខ្លាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានចាត់បញ្ជូនមន្រ្តីជំនាញបច្ចេកទេសជួយអភិវឌ្ឍផតថលជាតិ verify.gov.tl ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងបានធ្វើសមាហរណកម្មជាមួយមូលដ្ឋានទិន្នន័យ (Database) ដែលអាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរជាតិ តាមរយៈផតថលជាតិនេះ។
សូមបញ្ជាក់ជូនថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្រេចជ្រើសរើសយកបណ្ណបើកបរ ជាឯកសារទី១ ក្នុងការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.tl ដែលការសម្រេចចិត្តនេះ បានជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេកាត់បន្ថយថ្លៃចំណាយក្នុងការផលិតបណ្ណរឹងដែលមានតម្លៃ ៤ (បួន) ដុល្លារអាម៉េរិក មកសល់ត្រឹមតែ ០,១ (សូន្យក្បៀសមួយ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។
សូមគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh នៅលើបណ្ណបើកបរដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់បណ្ណបើកបរទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជាផ្លូវការ ដើម្បីបង្ហាញដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្នាល dgconnect ហើយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការជាមួយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ ដើម្បីចែករំលែកបទពិសោធនេះ ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបន្តទៀតផងដែរ។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការពង្រីកការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl លើឯកសារសាធារណៈផ្លូវការដែលចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមមាន សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម ដែលការសម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ត្រូវបានទទួលការឯកភាពនិងការគាំទ្រពីគណៈរដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេផងដែរ។
ក្នុងឱកាសនេះផងដែរ លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោករដ្ឋមន្រ្តី Miguel Marques Gonçalves Manetelu បានបញ្ជាក់អំពីជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល៕