អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី គាំទ្រការអំពាវនាវរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឱ្យបង្កើនកញ្ចប់ថវិកាការពារជាតិនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
សិង្ហបុរី៖ នៅក្នុងសន្និសីទសន្តិសុខ សាំងហ្គ្រីឡា ដាយឡុក ឆ្នាំ ២០២៦ (Shangri-La Dialogue 2026) នៅប្រទេសសិង្ហបុរី អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ថម ឡិមបុង (Tom Lembong) បានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បង្កើនកញ្ចប់ថវិកាយោធាជាបន្ទាន់ ដើម្បីការពារ និងទប់ទល់ជាមុន ចំពេលដែលពិភពលោកកំពុងជួបវិបត្តិភូមិសាស្ត្រនយោបាយ និងជម្លោះសង្គ្រាមកាន់តែខ្លាំង ។
លោក ឡិមបុង បានសម្តែងការគាំទ្រចំពោះការអំពាវនាវរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេកសេត (Pete Hegseth) ដោយលោកបានរិះគន់រដ្ឋាភិបាលនៅក្នុងតំបន់ភាគច្រើនថា កំពុងខ្វល់ខ្វាយតែពីបញ្ហាក្នុងស្រុកតូចៗ ហើយរំលងការគំរាមកំហែងសន្តិសុខធំៗ ទាំងដែលការចំណាយលើការការពារជាមុន មានតម្លៃថោកជាង ១០ដងឯណោះ នៅមុនពេលដែលរឿងហេតុណាមួយកើតឡើងមក ។
ទោះជាយ៉ាងណាក៏ដោយ អតីតរដ្ឋមន្ត្រីរូបនេះ បានទទួលស្គាល់ថា នេះជាជម្រើសដ៏លំបាកសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះត្រូវបែងចែកកញ្ចប់ថវិកាប្រជែងគ្នារវាងយោធា ជាមួយវិស័យអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដែលទាមទារឱ្យមានការរៀបចំផែនការបែងចែកថវិកាជាតិ ប្រកបដោយភាពឆ្លាតវៃ និងវិជ្ជាជីវៈខ្ពស់ ។
ក្រៅពីនេះ លោកបានធ្វើការព្រមានដែរថា ប្រសិនបើជម្លោះយោធាដោយអាវុធផ្ទុះឡើងនៅក្នុងតំបន់ «សមុទ្រចិនខាងត្បូង» នោះផលប៉ះពាល់បំផ្លិចបំផ្លាញដល់ប្រព័ន្ធពាណិជ្ជកម្មពិភពលោក នឹងមានទំហំធំធេងខ្លាំងជាងផលប៉ះពាល់ដែលបណ្តាលមកពីការបិទច្រកសមុទ្រ ហ័រមូស (Hormuz) នាពេលបច្ចុប្បន្ននេះទៅទៀត ។
វិបត្តិនេះ បានកើតឡើងបន្ទាប់ពីប្រមុខការពារជាតិអាម៉េរិក បានប្រកាសនៅក្នុងសន្និសីទថា យុគសម័យដែលអាម៉េរិកចេញលុយជួយការពារប្រទេសអ្នកមាន ត្រូវបានបញ្ចប់ហើយ ដោយតម្រូវឱ្យដៃគូឥណ្ឌូប៉ាស៊ីហ្វិកទាំងអស់ បង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៣.៥% នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ពួកគេ ដើម្បីចូលរួមចំណែកសម្រាប់កម្លាំងប្រយុទ្ធពិតប្រាកដក្នុងតំបន់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video/ NBC News on Microsoft Bing