បុគ្គលិកពេទ្យ ១៣នាក់រងរបួស ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែលលើភាគខាងត្បូងលីបង់
លីបង់៖ ផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅបានហុយពាសពេញផ្ទៃមេឃនៅក្នុងទីក្រុង ថាយអ័រ (Tyre) បន្ទាប់ពីកងទ័ពអ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវទៅលើភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ដោយគ្រាប់បែកបានធ្លាក់ចំអគារក្បែរមន្ទីរពេទ្យ ហ៊ីរ៉ាម (Hiram) បណ្តាលឱ្យបុគ្គលិកពេទ្យ ១៣ នាក់រងរបួស ។
ជុំវិញព្រឹត្តិការណ៍នេះ យោធាអ៊ីស្រាអ៊ែលបានចេញមុខមកអះអាងថា ការវាយប្រហារតាមអាកាសនេះ ធ្វើឡើងដើម្បីតែសំដៅកម្ទេចទីតាំងដែលខ្លួនសង្ស័យថាជា «មជ្ឈមណ្ឌលបញ្ជាការជួរមុខរបស់ក្រុមហេសបូឡាហ៍» តែប៉ុណ្ណោះ ។
ការផ្ទុះអាវុធនេះ បានកើតឡើងទាំងបំពាន បើទោះបីជាកន្លងមកប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចចរចាការទូត និងបានប្រកាសពន្យារពេលបទឈប់បាញ់ជាបន្តបន្ទាប់ តាំងពីពាក់កណ្តាលខែមេសា រហូតដល់ការប្រកាសពន្យារពេលចុងក្រោយចំនួន ៤៥ ថ្ងៃក្នុងខែឧសភាក៏ដោយ ។
មិនត្រឹមតែប៉ុណ្ណោះ អ៊ីស្រាអ៊ែល ទទួលរងនូវការចោទប្រកាន់ថា បានលបលួចប្រើល្បិចកលចាស់ដែលធ្លាប់អនុវត្តនៅតំបន់ហ្គាហ្សា មកប្រើនៅលីបង់ តាមរយៈការបង្កើត «ខ្សែបន្ទាត់ពណ៌លឿង» ដើម្បីរារាំង និងហាមឃាត់ដាច់ខាតមិនឱ្យប្រជាជនស៊ីវិលលីបង់ អាចត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញបានឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.