ភាគខាងជើងអ៊ីស្រាអ៊ែល រងការបំផ្ទុះដោយដ្រូនរបស់ក្រុមហេសបូឡាហ៍ បណ្ដាលឱ្យមនុស្ស ៤នាក់របួសធ្ងន់ស្រាល
អ៊ីស្រាអ៊ែល៖ មានការបើកការវាយប្រហារដោយដ្រូនបំផ្ទុះរបស់ក្រុមហេសបូឡាហ៍ ទៅលើតំបន់ ប៊ែត ហ៊ីលឡេ (Beit Hillel) ភាគខាងជើងអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យ បណ្តាលឱ្យជនជាតិអ៊ីស្រាអ៊ែល ៤ នាក់រងរបួសធ្ងន់ និងស្រាល ។
ភ្លាមៗក្រោយការផ្ទុះដ្រូន ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ម៉ាហ្គែន ដាវីដ អាដម (Magen David Adom) និងកងទ័ពអ៊ីស្រាអ៊ែល បានសម្រុកចូលទៅអន្តរាគមន៍នៅទីកន្លែងកើតហេតុយ៉ាងញាប់ដៃញាប់ជើង ដើម្បីដឹកជញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីសង្គ្រោះជីវិត ។
ការវាយបកដោយដ្រូនរបស់ហេសបូឡាហ៍នាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់កងទ័ពអ៊ីស្រាអ៊ែល ដែលបានបើកប្រតិបត្តិការជើងគោកវាយលុកចូលទឹកដីលីបង់យ៉ាងជ្រៅបំផុត មិនធ្លាប់មានក្នុងរយៈពេល ២៦ ឆ្នាំ និងបានវាយដណ្តើមគ្រប់គ្រងបាននូវទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយ ។
ស្ថានភាពសង្គ្រាមនេះ បានបន្តឆាបឆេះ បើទោះបីជាលោក ដូណាល់ ត្រាំ បានប្រកាសពន្យារបទឈប់បាញ់ជាបន្តបន្ទាប់រហូតដល់ ៤៥ ថ្ងៃក៏ដោយ ខណៈអ៊ីស្រាអ៊ែលបានបង្កើត «ខ្សែបន្ទាត់ពណ៌លឿង» រារាំងមិនឱ្យប្រជាជនលីបង់ត្រឡប់ទៅផ្ទះសម្បែងវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.