តៃវ៉ាន់ សម្រេចអនុម័តកញ្ចប់ថវិកា ២៨០ លានដុល្លារដើម្បីទិញអាវុធអាម៉េរិក មុនផុតកំណត់ទូទាត់ប្រាក់នៅនាទីចុងក្រោយ
តៃវ៉ាន់៖ សភារបស់កោះតៃវ៉ាន់ បានសម្រេចអនុម័តជាផ្លូវការលើកញ្ចប់ថវិកាការពារជាតិពិសេសឆ្នាំ២០២៦ ដែលមានតម្លៃប្រមាណ ២៨០ លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីទិញអាវុធទំនើបៗពីសហរដ្ឋអាម៉េរិក ត្រឹមតែពីរថ្ងៃមុនពេលផុតកំណត់ថ្ងៃឱសានវាទនៃការទូទាត់ប្រាក់ ។
ប្រធានសភារបស់កោះតៃវ៉ាន់ លោក ហាន គួយុ (Han Kuo-yu) បានប្រកាសពីការអនុម័តផែនការថវិកានេះ ក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ និងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពតៃវ៉ាន់ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ ។
បើប្រៀបធៀបទៅនឹងគម្រោងផែនការដើមដែលដាក់ស្នើឡើងដោយគណៈរដ្ឋមន្ត្រីតៃវ៉ាន់ នៅក្នុងដំណើរការអនុម័តនេះ សភាតៃវ៉ាន់ បានកាត់បន្ថយកញ្ចប់ថវិកាប្រតិបត្តិការក្នុងទំហំប្រហែលជាង ៦ ម៉ឺនដុល្លារអាម៉េរិក ជាចំនួនបន្តិចបន្តួចប៉ុណ្ណោះ ។
ទោះជាយ៉ាងណាក្ដី សមាជិកសភា លោក ឆេន គួនទីង (Chen Kuan-ting) បានរិះគន់ចំពោះការកាត់បន្ថយនេះ និងបានធ្វើការព្រមានថា តៃវ៉ាន់នៅតែខកខានមិនទាន់បានអនុម័តលើថវិកាទិញគ្រឿងយុទ្ធោបករណ៍សំខាន់ៗមួយចំនួន ដូចជាដ្រូន ប្រព័ន្ធប្រឆាំងដ្រូន និងគ្រាប់រំសេវជាដើម ។
ថវិកាប្រមាណ ២៨០ លានដុល្លារដែលសភាបានយល់ព្រមនោះ នឹងត្រូវយកទៅបែងចែកទិញអាវុធប្រភេទធំៗរួមមាន កាំភ្លើងធំស្វ័យចល័ត M109A7, ប្រព័ន្ធរ៉ុក្កែត ហ៊ីម៉ាស់ (HIMARS), មីស៊ីលដ្រូនកម្ទេចរថពាសដែក និងមីស៊ីលប្រឆាំងរថក្រោះប្រភេទ ចាវីលីន (Javelin) និង TOW 2B ។
ការសម្រេចចិត្តនៅនាទីចុងក្រោយនេះ ធ្វើឡើងដើម្បីបញ្ចៀសហានិភ័យដ៏គ្រោះថ្នាក់ ព្រោះបើសិនជាសភាយឺតយ៉ាវតែពីរថ្ងៃទៀតនោះ តៃវ៉ាន់នឹងត្រូវខកខានកាលបរិច្ឆេទបង់ប្រាក់ដំណាក់កាលដំបូង ២៥ លានដុល្លារឱ្យអាម៉េរិក ដែលអាចធ្វើឱ្យគម្រោងទិញអាវុធទាំងមូលត្រូវខូចខាត ។
យុទ្ធនាការទិញអាវុធនេះ ធ្វើឡើងចំពេលស្ថានការណ៍កាន់តែក្តៅ ក្រោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចេញមុខព្រមានត្រង់ៗទៅកាន់លោក ដូណាល់ ត្រាំ ថាបញ្ហាតៃវ៉ាន់អាចនឹងផ្ទុះសង្គ្រាមរវាងចិននិងអាម៉េរិក បើខ្វះការប្រុងប្រយ័ត្នណាមួយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (An Rong Xu/Bloomberg/Getty Images)