សង្គម

លោកបណ្ឌិត ជា វ៉ាន់ដេត៖ កម្ពុជា-ទីម័រឡេស្តេ បោះជំហានថ្មី ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់អភិបាលកិច្ច និងការផ្តល់សេវាសាធារណៈ តាមរយៈថ្នាល verify.gov.tl

image


ទីម័រឡេស្តេ៖ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មីមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃភាពជាដៃគូរវាងកម្ពុជា និងទីម័រឡេស្តេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់អភិបាលកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាល verify.gov.tl នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្រោមវត្តមានឯកឧត្តម Miguel Marques Gonçalves Manetelu (មីគែល ម៉ាកេស ហ្គន់សាលវេស ម៉ានេតេលូ) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈប្រតិភូ សរុបចំនួន ៥០០នាក់។

លោកបណ្ឌិត ជា វ៉ាន់ដេត បានបញ្ជាក់ថា ថ្ងៃនេះគឺជាការបោះជំហានទៅមុខដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យរដ្ឋាភិបាលឌីជីថល និងនវានុវត្តន៍សេវាសាធារណៈ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងដឹកជញ្ជូន និងសារគមនាគមន៍របស់ទីម័រឡេស្តេ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលរបស់កម្ពុជា ភាគីទាំងពីរបានរួមគ្នាប្រែក្លាយចក្ខុវិស័យរួមឱ្យក្លាយជាការពិតដោយជោគជ័យ។
លោករដ្ឋមន្ត្រីបានចាត់ទុកការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl ជាសក្ខីភាពមួយបង្ហាញពីសមិទ្ធផលដែលអាចសម្រេចបាន នៅពេលបណ្តាប្រទេសធ្វើការសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួម តាមរយៈនវានុវត្តន៍ និងបច្ចេកវិទ្យា។

លោកបណ្ឌិត ជា វ៉ាន់ដេត បានរំលឹកថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា និងក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ទីម័រឡេស្តេ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនេះ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរួមលើបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងការធ្វើទំនើបកម្មវិស័យសាធារណៈ។
បើតាមលោករដ្ឋមន្ត្រី ថ្នាល verify.gov.tl នឹងរួមចំណែកពង្រឹងទំនុកចិត្ត លើកកម្ពស់តម្លាភាព កាត់បន្ថយការបោកប្រាស់ និងការក្លែងបន្លំ ព្រមទាំងសម្រួលដល់ដំណើរការផ្ទៀងផ្ទាត់ឯកសារ ធ្វើឱ្យការផ្តល់សេវាសាធារណៈកាន់តែលឿន មានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ជាងមុន ដោយផ្តោតលើប្រជាពលរដ្ឋជាស្នូល។

លោកបានគូសបញ្ជាក់ថា គោលបំណងស្នូលរបស់ថ្នាល Verify គឺអនុញ្ញាតឱ្យរដ្ឋាភិបាល វិស័យធុរកិច្ច និងប្រជាពលរដ្ឋ អាចប្រើប្រាស់សេវាឌីជីថលដែលអាចទុកចិត្តបានយ៉ាងរលូន និងមានតម្លៃសមរម្យ។ ប្រជាពលរដ្ឋមិនចាំបាច់ចំណាយពេលវេលា និងធនធានច្រើនក្នុងការស្នើសុំច្បាប់ចម្លងឯកសារមានការបញ្ជាក់ត្រឹមត្រូវសម្រាប់ការផ្ទៀងផ្ទាត់នោះទៀតឡើយ ដោយការផ្ទៀងផ្ទាត់ឌីជីថលអាចធ្វើឡើងបានភ្លាមៗ ដែលជួយធ្វើឱ្យសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព តម្លាភាព និងងាយស្រួលប្រើប្រាស់។
ជាមួយគ្នានេះ លោកបណ្ឌិត ជា វ៉ាន់ដេត បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ ក៏បានជំរុញឱ្យកិច្ចសហប្រតិបត្តិការឌីជីថលក្នុងតំបន់កាន់តែទូលំទូលាយផងដែរ ខណៈកម្ពុជា បានបង្កើតភាពជាដៃគូ និងចែករំលែកចំណេះដឹងជាមួយប្រទេសហ្វីលីពីន ឡាវ ម៉ាឡេស៊ី និងបង់ក្លាដែស លើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើននេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការពង្រឹងអន្តរប្រតិបត្តិការ ទំនុកចិត្ត និងការតភ្ជាប់ឌីជីថលនៅទូទាំងតំបន់អាស៊ាន និងពិភពលោក ព្រមទាំងបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងទីម័រឡេស្តេ។

លោកបណ្ឌិត ជា វ៉ាន់ដេត បានអះអាងថា កម្ពុជា នឹងបន្តធ្វើជាមិត្តជិតស្និទ្ធ ដៃគូដែលអាចទុកចិត្តបាន និងជាអ្នកគាំទ្រយ៉ាងសកម្មដល់ដំណើរបរិវត្តកម្មឌីជីថលរបស់ទីម័រឡេស្តេ ដើម្បីរួមគ្នាកសាងអនាគតមួយដែលបច្ចេកវិទ្យាឌីជីថលអាចពង្រីកឱកាស ពង្រឹងស្ថាប័ន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅក្នុងប្រទេសទាំងពីរ៕