លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមបើកសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងមន្ត្រីក្របខណ្ឌ ចំនួន៣ ក្រសួង-ស្ថាប័ន
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ ២០២៦ បានអញ្ជើញចូលរួមបើកសន្លឹកកិច្ចការបេក្ខជន ដែលបានបញ្ចប់ការប្រឡង ដើម្បីធ្វើជាមន្ត្រីក្របខណ្ឌ ចំនួន ៣ស្ថាប័ន-ក្រសួង។
គណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌ នៃក្រសួងមុខងារសាធារណៈ បានដំណើរការកំណែសន្លឹកកិច្ចការបេក្ខជន បន្ទាប់ពីបញ្ចប់ការប្រឡងរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី ២៩- ៣១ ខែឧសភា ឆ្នាំ២០២៦។
ការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌក្រសួងយុត្តិធម៌ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែ ឧសភា មានបេក្ខជនចូលរួមចំនួន ១.១០៧នាក់ ខណៈការជ្រើសរើសត្រឹម ៤៥កន្លែងប៉ុណ្ណោះ។ ការប្រឡងមន្រ្តីកិច្ចការព្រំដែន រៀបចំកាលពីថ្ងៃទី៣០ ខែឧសភា មានបេក្ខជនចូលរួមប្រឡងចំនួន ១.៩០២នាក់ ជ្រើសរើសត្រឹមតែចំនួន ៤០នាក់។
ដោយឡែកការប្រឡងជ្រើសរើសមន្រ្តីនៃក្រសួងការបរទេស កាលពីថ្ងៃទី៣១ ខែឧសភា មានបេក្ខជនចូលរួមចំនួន ១.២៤៨នាក់ ការជ្រើសរើសចំនួន ៥២កន្លែង។
ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការថ្មី ឱ្យចូលបម្រើការងារនៅក្រសួង -ស្ថាប័នចំនួន៣ បានប្រព្រឹត្តទៅដោយរលូនក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកសង្កេតការណ៍ចម្រុះចំនួន ៣៥៩រូប ដើម្បីធានាឱ្យបាននូវគោលការណ៍តម្លាភាព យុត្តិធម៌ និងគុណាធិបតេយ្យ។
ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងនេះឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដោយបានកំណត់យកមណ្ឌលប្រឡងចំនួនពីរទីតាំង រួមមាន៖ សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច។
ការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌទាំង៣ ក្រសួង -ស្ថាប័ន ធ្វើឡើងដើម្បីជ្រើសរើសមន្ត្រីក្របខ័ណ្ឌឱ្យចូលបម្រើការងារនៅក្នុងក្រសួងយុត្តិធម៌ ស្ថាប័នរដ្ឋលេខា ធិការដ្ឋាន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការប្រឡងនេះ មានបេក្ខជនចូលរួមសរុបចំនួន ៤.២៥៧អង្គ/នាក់ ដោយប្រើប្រាស់បន្ទប់ប្រឡងចំនួន ១២១បន្ទប់។ ដើម្បីធានាបាននូវភាពសុក្រឹត និងយុត្តិធម៌ ក្នុងរយៈពេល ៣ថ្ងៃកន្លងនេះ មានវត្តមានអ្នកសង្កេតការណ៍ចូលរួមសរុបចំនួន ៣៥៩អង្គ/នាក់ ដែលមកពីស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗគ្នា។ ក្នុងចំណោមនោះរួមមាន៖ អ្នកសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន ២២៣នាក់។
អ្នកសង្កេតការណ៍ពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចំនួន ៤៥នាក់ និងអ្នកសង្កេតការណ៍ជាតំណាងសាកលវិទ្យាល័យចំនួន ២៤នាក់ និងអ្នកសង្កេតការណ៍មកពីសាធារណជន ចំនួន ២៦អង្គ/នាក់។
សូមជម្រាបផងដែរថា វត្តមានរបស់អ្នកសង្កេតការណ៍ទាំងអស់នេះ គឺមានតួនាទីយ៉ាងសំខាន់ក្នុងការឃ្លាំមើលរាល់សកម្មភាព និងដំណើរការនៃការប្រឡងប្រជែងតាំងពីការចាប់ផ្តើម រហូតដល់ដំណើរការនៃការកែសន្លឹកកិច្ចការរបស់បេក្ខជនត្រូវបានបញ្ចប់ជាស្ថាពរ។
ការចូលរួមនេះ គឺដើម្បីជាសាក្សី និងជាការធានាថា ដំណើរការប្រឡងទាំងមូលពិតជាប្រព្រឹត្តទៅស្របតាមគោលការណ៍ដែលបានកំណត់ ក្នុងនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយឈរលើស្មារតី «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»៕
អត្ថបទ៖ វង សុភ័ក្ត្រ