សង្គម

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតី ពិធីអបអរសាទរខួប ៥៦ឆ្នាំ អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា

image


ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប ៥៦ឆ្នាំ អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជា នៃការជួយគាំទ្រដល់កុមារ និងសហគមន៍ ដោយបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួន ក្នុងការធានាថាកុមារគ្រប់រូប នឹងធំធាត់ឡើងប្រកបដោយសុខភាពល្អ ទទួលបានការអប់រំ ការការពារ និងទទួលបានសិទ្ធិអំណាច ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។

ចាប់តាំងពីឆ្នាំ ១៩៧០ មក អង្គការទស្សនៈពិភពលោក បានឈរជាមួយប្រជាជនកម្ពុជា ក្នុងបេសកកម្មដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារ គ្រួសារ និងសហគមន៍ងាយរងគ្រោះ។ ការរួមចំណែកដំបូងរបស់អង្គការ រួមមានការសាងសង់មន្ទីរពេទ្យកុមារជាតិ នៅក្នុងទសវត្សរ៍ ១៩៧០ មុនពេលការឡើងកាន់កាប់អំណាចរបស់ខ្មែរក្រហម ហើយបន្តការគាំទ្រជាច្រើនទសវត្សរ៍ទៀត ដោយឆ្លងកាត់ជម្លោះ ការស្តារឡើងវិញ និងការអភិវឌ្ឍ។

លោកឧបនាយរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មានប្រសាសន៍ថា រយៈពេល៥៦ឆ្នាំកន្លងទៅនេះ អង្គការទស្សនៈពិភពលោក បានជួយអន្តរាគមន៍ និងគាំទ្រដល់សាលារៀន និងកុមារ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។
កម្មវិធីរបស់អង្គការទស្សនៈពិភពលោក មិនត្រឹមតែបានបំពេញបេសកកម្មមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការអភិវឌ្ឍកម្ពុជាទៀតផង។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវត្តមាន៥៦ឆ្នាំ នៃការផ្តល់ការគាំទ្រ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា និងសង្ឃឹមថា ៥៦ឆ្នាំទៅមុខទៀត កម្ពុជា នឹងប្រែក្លាយពីប្រទេសដែលទទួលបានការគាំទ្រ ទៅជាប្រទេសផ្តល់ការគាំទ្រវិញ។

លោក អេនឌ្រូ ម៉រលី ប្រធាន និងនាយកប្រតិបត្តិ នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដៃគូសហការ និងសហគមន៍ទាំងអស់ ដែលកិច្ចសហការរបស់ពួកគេ បានជំរុញឱ្យមានវឌ្ឍនភាពយូរអង្វែង។ ក្នុងនាមអង្គការ លោកមានមោទនភាព ដែលបានរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវវិស័យអប់រំ សុខាភិបាល ការការពារកុមារ និងជីវភាពរស់នៅ ដោយតែងតែផ្តល់អាទិភាពដល់កុមារ ដែលងាយរងគ្រោះបំផុត។ ស្របពេលដែលប្រទេសកម្ពុជា បន្តបោះជំហានទៅមុខ លោកនៅតែប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវដំណោះស្រាយ ប្រកបដោយនិរន្តរភាព និងបរិយាបន្ន ដើម្បីឱ្យកុមារគ្រប់រូប អាចលូតលាស់បានយ៉ាងពេញលេញ។

ជាមួយគ្នានោះ លោក ជេនស៍ អ៊ីម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ខួបអនុស្សាវរីយ៍នេះ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីអតីតកាល និងភាពធន់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តជាថ្មី ចំពោះកុមារគ្រប់រូប នៅក្នុងប្រទេសកម្ពុជាផងដែរ។ រួមគ្នាជាមួយសហគមន៍ និងដៃគូសហការ យើងបានឃើញការផ្លាស់ប្រែគួរឱ្យកត់សម្គាល់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កុមារជាច្រើននៅតែបន្តស្ថិតក្នុងភាពងាយរងគ្រោះ។ ការប្តេជ្ញាចិត្តរបស់យើង គឺការបន្តធ្វើការងារ ដើម្បីឱ្យកុមារគ្រប់រូបអាចរស់នៅក្នុងជីវិត ដែលពោរពេញដោយភាពបរិបូរណ៍»៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ