ក្រសួងយុត្តិធម៌ រៀបចំកម្មវិធី "ជិះកង់អង្គរប្រចាំឆ្នាំលើកទី៤-២០២៦ ដើម្បីកុមារកម្ពុជា” ទទួលបានថវិកា១,៦០០,០០០,០០០រៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងខេត្តសៀមរាប ដើម្បីអបអរសាទរ និងចូលរួមជាមួយយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់"
សៀមរាប៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទិវាកុមារអន្តរជាតិ ខួបលើកទី៧៧ ថ្នាក់ដឹកនាំនិងបុគ្គលិកមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) និងគន្ធបុប្ផាភ្នំពេញ បានថ្លែងអំណរគុណ ជូនចំពោះក្រសួងយុត្តិធម៌ ព្រមទាំងសប្បុរសជនក្នុងវិស័យយុត្តិធម៌ ដែលបានរៀបចំកម្មវិធី "ជិះកង់អង្គរប្រចាំឆ្នាំលើកទី៤ -២០២៦ ដើម្បីកុមារកម្ពុជា” ដែលទទួលបានការពិនិត្យព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ដឹកនាំផ្ទាល់ដោយ លោក កើត រឹទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី។
កម្មវិធី "ជិះកង់អង្គរប្រចាំឆ្នាំលើកទី៤ -២០២៦ ដើម្បីកុមារកម្ពុជា” ទទួលបានថវិកាសរុបចំនួន ១,៦០០,០០០,០០០រៀល បានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា-CKF ដើម្បីអបអរសាទរ និងចូលរួមជាមួយយុទ្ធនាការ"១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំផ្ទាល់ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សហប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីស្នាមញញឹមរបស់កុមារ៕
អត្ថបទ៖ សន ពិសិដ្ឋ