កម្ពុជា និងយូនីសេហ្វ ប្ដេជ្ញារួមគ្នាបន្តជួយសង្គ្រោះកុមារកម្ពុជា ជាពិសេសកុមារកំពុងបាត់បង់ជម្រកដោយសារជម្លោះព្រំដែន
ភ្នំពេញ៖ អង្គការយូនីហ្វេស (UNICEF) បានប្ដេជ្ញារួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្តជួយសង្គ្រោះដល់កុមារកម្ពុជា ជាពិសេសកុមាររងគ្រោះ ដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយកងទ័ពថៃ ហើយធ្វើឲ្យកុមារទាំងអស់នោះ បន្តភៀសសឹក បាត់បង់ផ្ទះសម្បែង។
ក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ដែលរៀបចំឡើងដោយ អង្គការយូនីសេហ្វ ក្រោមមូលបទ“រួមគ្នាដើម្បីកុមារគ្រប់រូប”ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជា នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលជាង ៧០ឆ្នាំ ដែលចូលមកដល់ប្រទេសកម្ពុជា យូនីសេហ្វ តែងតែនៅជាមួយកុមារកម្ពុជាគ្រប់ដំណាក់កាល ហើយជួយពួកគេ ពាក់ព័ន្ធនឹងវិស័យអប់រំ ទឹកស្អាត សុខាភិបាល និងការងារជាច្រើនទៀត។
លោកបណ្ឌិត បានបន្តថា ក្រោយដួលរលំរបបខ្មែរក្រហម យូនីសេហ្វ បានត្រឡប់មកវិញ ក៏បានបន្តបេសកកម្មរបស់ខ្លួនដូចមុន ហើយប្រទេសកម្ពុជាក៏មានការរីកចម្រើនជាបន្តបន្ទាប់ ។ ប៉ុន្តែក្នុងឆ្នាំកន្លងទៅនេះ កម្ពុជាបានជួបនូវវិបត្តិជម្លោះព្រំដែន ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានភៀសសឹក ចាកចោលលំនៅឋាន ដែលក្នុងនោះមានកុមារជាច្រើនម៉ឺននាក់ បានបាត់បង់ទីជម្រក មិនបានសិក្សា រស់នៅដោយលំបាកក្នុងដំបូលតង់។ ដូចនេះហើយ អង្គការយូនីសេហ្វ បានចូលរួមជួយពួកគាត់ តាមរយៈសកម្មភាពផ្សេងៗ មានការផ្ដល់ជំនួយ ខណៈកុមារបន្តភៀសសឹក អង្គការនឹងបន្តជួយពួកគេបន្ថែមទៀត។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានក្រើនរំលឹកយ៉ាងច្បាស់អំពីតួនាទីភារកិច្ច កាតព្វកិច្ច និងទំនួលខុសត្រូវរួមរបស់ថ្នាក់ដឹកនាំ ដៃគូពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋប្រុសស្រីក្នុងការចូលរួមលើកកម្ពស់ ការពារ ថែរក្សា និងគាំទ្រអាយុជីវិតកុមារ ដើម្បីវិនិយោគធនធានមនុស្សជំនាន់ក្រោយ របស់ប្រទេសជាតិ ឱ្យបានច្រើនលើសលប់។
ជាមួយនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ អំពើហិង្សាលើកុមារ ការរំលោភបំពានផ្លូវភេទកុមារ ទប់ស្កាត់ឱ្យបាននូវការកេងប្រវ័ញ្ចលើកុមារ ជាពិសេសគឺពលកម្មកុមារ និងត្រូវធានាថា កុមារគ្រប់ៗរូបទទួលបានការថែទាំ សុវត្ថិភាព ក្តីសង្ឃឹម និងឱកាសស្មើៗគ្នា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាព គឺជាគ្រឹះយ៉ាងសំខាន់បំផុតសម្រាប់សុខុមាលភាពកុមារគ្រប់ៗរូប។ ជាក់ស្តែង ផលវិបាកនៃសង្គ្រាមដែលកើតឡើងនាពេលកន្លងមក ដែលបាននាំឱ្យកុមារកម្ពុជាជាច្រើន ត្រូវព្រាត់គ្រួសារ បាត់បង់លំនៅឋាន សាលារៀន សេវាសាធារណៈនានា ដែលនាំឱ្យឱកាសរស់របស់កុមាររងគ្រោះធ្លាក់ចុះយ៉ាងដុនដាប។
ក្នុងនាមជាទូតសុឆន្ទៈរបស់អង្គការយូនីសេហ្វ កញ្ញា ស៊ីន យូប៊ីន បានប្ដេជ្ញាប្រើសំឡេងរបស់ខ្លួន ក្នុងការប្រាប់ទៅកាន់ពិភពលោក ពីទុក្ខលំបាករបស់កុមារកម្ពុជា ដែលជាដំបូងផ្ដោតសំខាន់ទៅលើកុមារភៀសសឹក ហើយយករាល់វេទិកា ឬកម្មវិធីដែលនាងបានចូលរួម គឺនិយាយពីអ្វី ដើម្បីផ្ដល់ជាប្រយោជន៍ដល់កុមារកម្ពុជា។
ក្នុងបរិយាកាសប្រកបដោយភាពកក់ក្តៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលបានជួយកុមារកម្ពុជាជាង ៧០ឆ្នាំមកនេះ ហើយលោកជំទាវបណ្ឌិត បានបង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង ចំពោះការតែងតាំងកញ្ញា ស៊ីន យូប៊ីន ជាទូតសុឆន្ទៈរបស់យូនីសេហ្វកម្ពុជា ដែលការតែងតាំងនេះបានផ្តល់អត្ថន័យយ៉ាងជ្រាលជ្រៅ ព្រោះថាសិល្បករ សិល្បការិនី គឺជាអ្នកដែលមានឥទ្ធិពលក្នុងការដាស់តឿនស្មារតីសង្គម និងបំផុសនូវក្តីមេត្តាករុណា៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ ង៉ាន់ សំណាង