បាត់ខ្លួនស្ត្រីភេទទី៣ និងបុរសរត់តាក់ស៊ីម្នាក់ជិត១០ថ្ងៃ សមត្ថកិច្ចបើកការស្រាវជ្រាវរកឃើញសពកប់នៅក្នុងដីឡូត៍ក្នុងខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ ស្ត្រីភេទទី៣ និងបុរសរត់តាក់ស៊ីម្នាក់ បានបាត់ខ្លួនជិត១០ថ្ងៃ ពេលមត្ថកិច្ចបើកការស្រាវជ្រាវរកឃើញសពកប់នៅក្នុងដីឡូត៍១កន្លែង ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហេីយកម្លាំងសមត្ថកិច្ចជំនាញចុះមកធ្វើការស៉ើបអង្គេត និងបើកប្រតិបត្តិការណ៍ស្វែងរកសពនៅក្នុងដីឡូត៍នោះ នៅម៉ោង៧យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយជនរងគ្រោះភេទទី៣ ដែលបានបាត់ខ្លួន បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្ត្រីភេទទី៣ បានប្រាប់ កូនៗ របស់ខ្លួន ដែលជាអ្នកស្គាល់គ្នាថា គាត់ចេញទៅជួបភ្ញៀវចិន រួចក៏បានហៅតាក់ស៉ី ដែលជាបុរសរងគ្រោះទី២មកទទួល រួចធ្វើដំណើរទៅបាត់។ លុះដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីបាត់ខ្លួនអស់១ថ្ងៃ កូនៗទាក់ទងមិនចូលទៀត ក៏កើតក្តីបារម្ភ ទើបកូនៗបាននាំគ្នាទៅដាក់ពាក្យបណ្តឹងស្វែងរកស្ត្រីភេទទី៣ម្នាក់នោះ។ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍ថា គេប្រទះឃើញរថយន្តម៉ាក TOYOTA PRIUS ១គ្រឿង ដែលមានភិនភាគដូចពាក្យបណ្តឹង ដែលក្រុមកូនៗស្ត្រីភេទទី៣ខាងលើរៀបរាប់។ បន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចបានចុះទៅយករថយន្តនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីបើកការស្រាវជ្រាវបន្ត។ លុះមកដល់រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បើកស៉ើបអង្គេតយ៉ាងស្វិតស្វាញ ឈានដល់ការឃាត់ខ្លួនជនបរទេសម្នាក់ (ចិន) ជាជនសង្ស័យ។ បន្ទាប់ពីសួរនាំរួច ជនសង្ស័យបានសារភាពទាំងអស់ប្រាប់សមត្ថកិច្ច ទើបសមត្ថកិច្ចសហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ចុះទៅកាន់ដីឡូត៍១កន្លែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្នុងយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តែម្តង។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងដែរថា សមត្ថកិច្ចបានប្រើប្រាស់គ្រឿងចក្រ អ៉ិចស្កាវ៉ាទ័រ ជីកកាយលូ ដែលមានចាក់សាបដោយបេតុង នៅក្នុងដីឡូត៌ខាងលើ ទើបឃើញសពមនុស្ស២នាក់ ដោយម្នាក់ជាស្ត្រីភេទទី៣ដែលបានបាត់ខ្លួននោះ និងសពបុរសម្នាក់ដែលជាអ្នករត់តាក់ស៉ី។
ពលរដ្ឋនៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនជាតិចិនម្នាក់នោះ សម្លាប់ស្ត្រីភេទទី៣រួច ហៅតាក់ស៉ីដដែលមកទទួល បន្ទាប់មកធ្វើសកម្មភាពសម្លាប់តាក់ស៉ីនោះបន្ថែមទៀត ទើបដឹកសពជនរងគ្រោះទាំង២នោះ យកទៅកាន់ដីឡូត៍ខាងលើ ហើយញាត់ចូលលូ ចាក់បេតុង ដើម្បីបំបិទភស្តុតាង ព្រមទាំងយករថយន្តនោះទៅប្លុងចោលនៅព្រែកឯង ដើម្បីពង្វាងដានសមត្ថកិច្ច ប៉ុន្តែត្រូវបែកការណ៍។
បន្ទាប់ពីជីកកាយលូនោះរួច គេឃើញសាច់ញាតិសព និងមន្ត្រីជំនាញផ្នែកកោសល្យវិច័យចុះទៅកាន់ទីតាំងនោះ ដេីម្បីធ្វើការត្រួតពិនិត្យសព។
ក្រោយបញ្ចប់ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចជំនាញបានបំពេញសុំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិធីច្បាប់។ ចំណែកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ៕
អត្ថបទ៖ រដ្ឋ រង្សី