ប្រទះឃើញគ្រោងឆ្អឹងមនុស្ស ខណៈស្ត្រីម្នាក់បានបាត់ប្ដីកាលពី១ខែមុន ដែលជាអ្នករត់កង់បីឥណ្ឌា
ភ្នំពេញ៖ មានការភ្ញាក់ផ្អើល បន្ទាប់ពីពលរដ្ឋប្រទះឃើញគ្រោងឆ្អឹងមនុស្ស ខណៈស្ត្រីម្នាក់ដែលបានបាត់ប្ដីជាអ្នករត់កង់បីឥណ្ឌា ហើយត្រូវបានគេដុតចោលនោះ សង្ស័យថាជាប្តីដែលបាត់ខ្លួនកាលពី ១ខែមុន ប៉ុន្តែតាមសមត្ថកិច្ចបញ្ជាក់មកវិញថា គ្រោងឆ្អឹងនេះមានរយ:ពេល ១ឆ្នាំជាងទៅហើយ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើលថា មានគេប្រទះឃើញឆ្អឹងរបស់មនុស្ស ដែលមានទីតាំងនៅមិនឆ្ងាយពីផ្ទះ ស្ត្រីម្នាក់ដែលធ្លាប់បានទទូចឱ្យអ្នកព័ត៌មានជួយផ្សព្វផ្សាយករណីបាត់ប្តី ក៏បានមកមើល ប៉ុន្តែមិនមានដំណឹងអ្វីពីប្តីរបស់គាត់ឡើយ ដោយគ្រោងឆ្អឹងនោះមានអាយុកាលយូរជាង និងមិនទាន់ធ្វើកោសល្យវិច័យរួចរាល់នោះទេ។ បច្ចុប្បន្នស្ត្រីដែលបាត់ប្តីរូបនោះ បានសំណូមពរឱ្យមន្ត្រីមានសមត្ថកិច្ចបន្តស្រាវជ្រាវស្វែងរកប្តីរបស់ខ្លួនទាំងក្តីបារម្ភ។
ករណីនេះនេះបានកើតឡើងកាលពីវេលាម៉ោង ៥:៥០នាទីល្ងាច ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវឌីប៉ុក ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកត្រួតពិនិត្យឆ្អឹងនោះ ព្រមទាំងរៀបចំប្រមូលយកឆ្អឹងនោះ ទៅធ្វើកោសល្យវិច្ឆ័យជាបឋមសិន៕
អត្ថបទ៖ រដ្ឋ រង្សី