ព័ត៌មានអន្តរជាតិ

មនុស្ស ៥៥នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះទីតាំងផ្ទុកគ្រឿងផ្ទុះ នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា

image

មីយ៉ាន់ម៉ា៖ គ្រឿងផ្ទុះដែលរក្សាទុកដោយកងទ័ពឧទ្ទាម «រំដោះជាតិដាអាង» ហៅកាត់ថា TNLA បានផ្ទុះឡើងដោយមិនដឹងមូលហេតុនៅក្នុងភូមិកោងតាត ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កាលពីចុងសប្ដាហ៍កន្លងទៅ ដោយបណ្តាលឱ្យមនុស្ស ៥៥នាក់ស្លាប់ នេះបើតាមការអះអាងពីសាក្សី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។

ក្រោយមក នៅថ្ងៃចន្ទ មន្ត្រីនាំពាក្យក្រុមឧទ្ទាម TNLA បានថ្លែងថា ផ្អែកតាមទិន្នន័យបញ្ជីឈ្មោះពីមន្ទីរពេទ្យ បង្ហាញថា តួលេខអ្នកស្លាប់មានចំនួន ៣៩ នាក់ និងរងរបួស ៧៥ នាក់ ដែលនេះជាការប្រកាសពីតួលេខផ្លូវការដំបូងបង្អស់របស់ក្រុមនេះ ។  

បន្ថែមពីនេះ អ្នកនាំពាក្យក្រុមឧទ្ទាម TNLA បានចេញមុខសុំទោសជាសាធារណៈចំពោះសោកនាដកម្មនេះ ដោយបញ្ជាក់ថាគ្រឿងផ្ទុះទាំងនោះ គឺពួកគេរក្សាទុកសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មធ្វើរ៉ែ ដែលវាជាប្រភពចំណូលដ៏សំខាន់របស់ក្រុមប្រដាប់អាវុធ នៅក្នុងសង្គ្រាមស៊ីវិលភូមានាពេលបច្ចុប្បន្ន ។

កម្លាំងផ្ទុះដ៏សាហាវនេះ បានបង្កើតជាផ្សែងយ៉ាងខ្មៅខ្មួលខ្មាញ់នៅលើមេឃ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់ជាង ២០០ ខ្នង ដោយផ្ទះដែលនៅជិតចំណុចកណ្តាលនៃការផ្ទុះ បានរលាយបាត់ស្រមោលខ្ទេចខ្ទីគ្មានសល់សូម្បីតែសសរផ្ទះ ។

ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរនិងអ្នកភូមិបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីកាយកំទេចកំទីស្វែងរកជនរងគ្រោះដែលកប់ក្រោមដី ខណៈក្រុមឧទ្ទាម TNLA ប្តេជ្ញាថានឹងជួយស្តារតំបន់រងគ្រោះឡើងវិញ និងដេញដោលរកអ្នកទទួលខុសត្រូវមកផ្តន្ទាទោស ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Reuters | រូបភាព៖ Screenshot from Reuters video.