ផ្ទុះគ្រាប់បន្សល់ទុកពីសម័យសង្គ្រាមលោកលើកទី២ បណ្ដាលឱ្យស្លាប់មនុស្ស ៥នាក់ និងរបួសជិត ២០នាក់នៅឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ កើតមាននូវហេតុការណ៍ផ្ទុះដ៏រន្ធត់មួយកាលពីថ្ងៃចន្ទ ដែលគេសង្ស័យថាបង្កឡើងដោយគ្រាប់បែក ឬគ្រាប់កាំភ្លើងត្បាល់ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមលោកលើកទីពីរ បានកើតឡើងនៅក្នុងតំបន់សហគមន៍អ្នកនេសាទមួយកន្លែងក្នុងខេត្តប៉ាពួ ប្រទេសឥណ្ឌូណេស៊ី ដោយបានបណ្តាលឱ្យមនុស្ស ៥ នាក់បាត់បង់ជីវិតភ្លាមៗ និង ១៩ នាក់ផ្សេងទៀតរងរបួស ។
អ្វីដែលគួរឱ្យខ្លោចផ្សាបំផុតនោះ គឺជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង ៥ នាក់ គឺជាសមាជិកនៅក្នុងគ្រួសារតែមួយ ដែលក្នុងនោះមានទាំងមនុស្សពេញវ័យ ៣ នាក់ និងកុមារតូចៗចំនួន ២ នាក់ (អាយុ ៥ ឆ្នាំ និង ៧ ឆ្នាំ) ។
ក្រោយការផ្ទុះដ៏ខ្លាំងក្លានេះ ក្រៅពីបង្កឱ្យមានមនុស្សស្លាប់ និងរបួស វាក៏បានធ្វើឱ្យប្រជានេសាទចំនួន ៥៥ នាក់ (រួមទាំងទារកតូចៗ ៣ នាក់) ត្រូវបាត់បង់ផ្ទះសម្បែង និងត្រូវអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍ផ្ទេរទៅកាន់ជំរុំស្នាក់នៅបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាព ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចខេត្តប៉ាពួ បានសហការជាមួយទីភ្នាក់ងារសង្គ្រោះជាតិ, កងទ័ព និងសហគមន៍មូលដ្ឋាន ដើម្បីបិទខ្ទប់ទីតាំងកើតហេតុ ការពារសន្តិសុខ និងបើកប្រតិបត្តិការរុករកអ្នកបាត់ខ្លួន ខណៈតំបន់ខាងលើនេះ បើផ្អែកតាមប្រវត្តិសាស្ត្រ ធ្លាប់ជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកក្នុងសម័យសង្គ្រាមលោកលើកទីពីរ ដែលជារឿយៗតែងតែបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះបែបនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.