ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅកាន់អ្នកដែលចង់ផ្តួលរំលំត្រកូល ហ៊ុន ថា "ងើប១វ៉ៃ១" ខណៈអ្នកធ្វើនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ សម្តេចគោរពសិទ្ធ

image

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ផ្តាំទៅកាន់ក្រុមប្រឆាំង ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលថា "ងើប១វ៉ៃ១" និងថាបើអត់មានត្រកូលហ៊ុនដឹកនាំ ក៏មិនទាន់ដល់វេនពួកអ្នកប្រឆ្នាំនោះដែរ។ ចំពោះអ្នកដែលធ្វើនយោបាយ ដោយសន្តិវិធី ដែលមិនប៉នប៉ង់ក្នុងការផ្តួលរំលំ មិនខុសនឹងរដ្ឋធម្មនុញ្ញ គឺសម្តេចគោរពសិទ្ធអ្នកទាំងនោះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញទស្សនកិច្ចអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ មានប្រសាសន៍ថា "អញសូមផ្តាំទៅពួកឯងឱ្យច្បាស់ បើអត់មានត្រកូលហ៊ុនដឹកនាំ ក៏មិនទាន់ដល់វេនពួកហ្អែងដែរ គឺមានតែហ្វូងទេវតា កូនទេវតាទេ ដែលមានសិទ្ធិកាន់កាប់។"

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដែរថា គ្រាន់តែសម្តេចនាំចៅដើរជួបមន្ត្រីតាមមូលដ្ឋាន ក្រុមប្រឆាំងថា សម្តេចបង្អួតចៅ។ ក្នុងនោះ សម្តេចបញ្ជាក់ថា សម្តេចនឹងបង្អួតទៀត ហើយថា ចៅរបស់សម្តេចចប់អនុបណ្ឌិត២នាក់ហើយ និងកំពុងរៀននៅមហាវិទ្យាល័យជាច្រើននាក់ទៀត។ 

សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើសម្តេចធិបតី ហ៊ុន ម៉ាណែត មិនអាចដឹកនាំរាជរដ្ឋាភិបាលបាន ក៏មិនទាន់ដល់ពេលដែលត្រកូល សម សៅរ៍ សុក្រ អាទិត្យ ដឹកនាំឡើយ គឺមានតែត្រកូលទេវតាប៉ុណ្ណោះ នោះគឺគណបក្សប្រជាជនកម្ពុជា៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុឃីម