ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ប្រសិនបើមិនអភិវឌ្ឍន៍តំបន់បឹងកក់ទេ តើបឹងកក់ពេលនេះនឹងទៅជាយ៉ាងណា បើពីមុនគ្រាន់តែជាកន្លែងដែលបញ្ចេញទឹកស្អុយតែប៉ុណ្ណោះ តែបច្ចុប្បន្នកា្លយជាទីតាំងដ៏ស្រស់ស្អាត

image

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចអគារទីស្នាក់ការកណ្កាល នៃអគ្គនាយកដា្ឋនពន្ធដារ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្ដេចតេជោ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា ថ្លែងថា កាលពីមុនគេរិះគន់សម្ដេចច្រើនណាស់ ជុំវិញការអភិវឌ្ឍតំបន់បឹងកក់ តែបឹងកក់បច្ចុប្បន្នជាទីក្រុងដ៏ស្រស់ស្អាត នៅក្នុងរាជធានីភ្នំពេញ។

សម្ដេចតេជោ បានរម្លឹកថា “កាលពីមុនមានគេជេខ្ញុំច្រើនណាស់ដែល ខ្ញុំធ្វើនេះក៏ខុស ធ្វើនោះក៏ខុស ដូចជាការអភិវឌ្ឍតំបន់បឹងកក់ជាដើម “ ដោយសម្ដេចបានចោទជាសំនួរថា ប្រសិនបើមិនអភិវឌ្ឍន៍តំបន់បឹងកក់ទេ តើបឹងកក់ពេលនេះនឹងទៅជាយ៉ាងណា បើតំបន់បឹងកក់កាលនោះ គ្រាន់តែជាកន្លែងដែលបញ្ចេញទឹកស្អុយតែប៉ុណ្ណោះ តែពេលនេះកា្លយជាតំបន់ និងទីតាំងដ៏ស្រស់ស្អាត។

សម្ដេចតេជោ រម្លឹកទៀតថា ទីក្រុងភ្នំពេញកាលពីសម័យដើមជាតំបន់ទឹកលិច ប៉ុន្ដែត្រូវបានសាងសង់ជាបន្ដបន្ទាប់ដោយសម្ដេចព្រះនរោត្ដម សីហនុ តាំងពីជំនាន់បារាំងមក ដែលសម្ដេចបានបញ្ជាក់ទៀតថា សូម្បីតែតំបន់វិមានឯករាជ្យកាលពីសម័យដើម ក៏ជាបឹងដែរ តែយ៉ាងណាក៏ដោយគឺត្រូវតែអភិវឌ្ឍន៍ជាចាំបាច់ សម្ដេចតេជោ បានបន្ថែមថា ការអភិវឌ្ឍន៍គឺពិតជាពិបាក តែយ៉ាងណាយើងត្រូវតែជម្នះដើម្បីធ្វើឱ្យបាន៕

អត្ថបទ ៖ ឈឹម ធីតា  

រូបភាព៖ ង៉ាន់ សំណាង , ប៉ក់ សុខឃីម