អភិបាលខេត្តកំពត ប្រាប់កសិករ អាជីវករឲ្យរក្សាកិត្តិយស កិត្តិនាមទុរេនកំពត និងកេរដំណែលចំណីអាហារខ្មែរ
កំពត ៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានលើកឡើងថា ផ្លែឈើ នំចំណី ម្ហូបអាហារ របស់ប្រជាពលរដ្ឋខេត្តកំពត មានឱជារសឆ្ងាញ់ពិសារណាស់ ហើយវាបានដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងខេត្តកំពត ក្នុងរដូវកាលបៃតងនេះ។ ដូច្នេះ កសិករ អ្នកផលិត សហគមន៍ និងអាជីវករទាំងអស់ ចូលរួមថែរក្សាកិត្តិយស កិត្តិនាមទុរេនកំពត និងកេរដំណែលនំចំណី ម្ហូបអាហារទាំងនេះឲ្យបានល្អ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម និងផ្សព្វផ្សាយអត្តសញ្ញាណម្ហូបអាហារ និងផលិតផលក្នុងស្រុករបស់ខេត្តកំពតឱ្យកាន់តែទូលំទូលាយ។
លោក ម៉ៅ ធនិន បានលេីកឡេីងដូចនេះក្នុងពិធីបើកព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោមប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង» នៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារទល់មុខផ្សារវិថីម្ហូបអាហារ ខេត្តកំពត ។ លោកបានលើកឡើងថា ទុរេនកំពត និងផលិតផលកសិកម្មជាច្រើនទៀតរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានក្លាយជាអត្តសញ្ញាណដ៏លេចធ្លោ ដែលមិនត្រឹមតែផ្ដល់ចំណូលដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកេរ្តិ៍ឈ្មោះខេត្តកំពតនៅលើទីផ្សារជាតិ និងអន្តរជាតិផងដែរ។
លោកអភិបាលខេត្តបានអំពាវនាវដល់កសិករ សហគមន៍ផលិតកម្ម និងអាជីវករទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើគុណភាពផលិតផល អនាម័យ សុវត្ថិភាពចំណីអាហារ និងភាពស្មោះត្រង់ក្នុងការធ្វើអាជីវកម្ម ដោយមិនត្រូវធ្វើអ្វីបណ្តោយឲ្យមានការប៉ះពាល់ដល់កិត្តិនាម ដែលបានកសាងឡើងជាច្រើនឆ្នាំកន្លងមកនោះឡើយ ជាពិសេស ត្រូវរួមគ្នាថែរក្សាម៉ាកសញ្ញា និងអត្តសញ្ញាណរបស់ទុរេនកំពតឲ្យនៅតែមានភាពល្បីល្បាញ និងទទួលបានការជឿទុកចិត្តពីសំណាក់អ្នកប្រើប្រាស់។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសសម្រាប់ផ្សព្វផ្សាយ និងលក់ផលិតផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ និងកេរដំណែលម្ហូបអាហាររបស់ប្រជាពលរដ្ឋខេត្តកំពត ដែលបានបន្តរក្សា និងបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ និងយុវជនចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍន៍នំចំណីបែបបុរាណ និងមុខម្ហូបប្រពៃណីខ្មែរ ឲ្យស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដើម្បីបង្កើនតម្លៃផលិតផលក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត» ក្រោមប្រធានបទ «រសជាតិទុរេនកំពត និងកិត្យានុភាពទេសចរណ៍រដូវកាលបៃតង» នឹងបន្តតាំងបង្ហាញ និងលក់ផលិតរហូតដល់ថ្ងៃទី២ ខែមិថុនា មួយថ្ងៃទៀត៕
អត្ថបទ ៖ វង្ស សុធារម្យ