ខេត្តកំពង់ចាម ក្លាយជាខេត្តដំបូងគេនៅកម្ពុជា ដែលមានផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ច្បាស់លាស់ សម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព
កំពង់ចាម៖ ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេនៅកម្ពុជា ដែលមានផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ត្រឹមត្រូវ ច្បាស់លាស់ និងជាក់លាក់ បន្ទាប់ពីពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមសហអធិបតីរបស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យោងតាមសំណេររបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នៅលើបណ្តាញសង្គម Facebook បានឱ្យដឹងថា ការសម្រេចបាននូវផែនទីព្រំប្រទល់រដ្ឋបាលនេះ គឺជារបត់ថ្មីមួយសម្រាប់កម្ពុជា ក្នុងការរៀបចំ និងគ្រប់គ្រងដែនដីប្រកបដោយភាពច្បាស់លាស់ និងប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាល និងផែនទីនៃការប្រើប្រាស់ដីនេះ រដ្ឋបាលខេត្ត និងឃុំ សង្កាត់ អាចដាក់ចេញនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវ និងជាក់លាក់ កំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ឧស្សាកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម ពិសេសកំណត់នូវសក្តានុពលរបស់ខេត្ត ដើម្បីរៀបចំរបៀងសេដ្ឋកិច្ចតភ្ជាប់ពីភូមិភាគឦសានទៅតំបន់ឆ្នេរ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទៅមុខទៀត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំឈ្មោះតំបន់ភូមិសាស្រ្តជាអក្សរខ្មែរ អក្សរឡាតាំង និងបាលីសំស្រ្កឹត ដើម្បីចុះបញ្ជីជាមួយ Google map រៀបចំលេខកូដតំបន់ លេខកូដភូមិសាស្ត្រ និងអាសយដ្ឋានឱ្យបានច្បាស់លាស់។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឲ្យដឹងទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចូលរួមជាមួយក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត លើទិសដៅរួមមួយដោយផ្អែកលើគោលនយោបាយអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយធ្វើការកសាងភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល និងបុរីជនបទ ដោយរៀបចំក្រុង និងប្រជុំជន ឱ្យមានលំហសាធារណៈ រៀបចំសំណង់មិនរៀបរយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យជនបទជាជនបទទំនើប។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀថា៖ «ផ្តើមចេញពីការកសាងផែនទីព្រំប្រទល់រដ្ឋបាលនាថ្ងៃនេះ យើងរួមគ្នាងាកមកកសាងជីវិត និងសេដ្ឋកិច្ចយើងឱ្យរឹងមាំ»៕