លោក ម៉ាក្រុង ប្រកាសពីទុនវិនិយោគបរទេសជិត ១០០ពាន់លានដុល្លារ លើវិស័យ AI និងមជ្ឈមណ្ឌលទិន្នន័យនៅបារាំង
បារាំង៖ ថ្លែងនៅក្នុងសន្និសីទធុរកិច្ចមួយនៅវិមានវែរសាញ (Versailles) កាលពីថ្ងៃចន្ទ ប្រធានាធិបតីបារាំង លោក អ៊ែម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) បានរៀបរាប់ថា បណ្តាក្រុមហ៊ុនបរទេសជាច្រើន ប្តេជ្ញាចិត្តថានឹងបោះទុនវិនិយោគរហូតដល់ទៅ ៩៣ ពាន់លានអឺរ៉ូ (ស្មើនឹងប្រហែល ១០៨,១៩ ពាន់លានដុល្លារអាម៉េរិក) នៅក្នុងប្រទេសបារាំង ។
នៅក្នុងការថ្លែងទៅកាន់អង្គសន្និសីទកំពូលធុរកិច្ចក្រោមប្រធានបទ «ជ្រើសរើសយកប្រទេសបារាំង» (Choose France) លោក ម៉ាក្រុង បានបញ្ជាក់ថា «ទុនវិនិយោគទាំងនេះ ភាគច្រើនផ្ដោតទៅលើវិស័យបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ (Data centres) ដោយនៅក្នុងនោះ លោកបានលើកឡើងពីក្រុមហ៊ុនយក្សចំនួនពីរ គឺក្រុមហ៊ុន សូស្វប៊ែង (SoftBank) និងក្រុមហ៊ុន មូបាដាឡា អ៊ែមជីអិច (Mubadala MGX) ដែលពួកគេបានបោះទុនវិនិយោគក្នុងទឹកប្រាក់ដ៏មហិមា» ។
លោកប្រធានាធិបតីបានបន្ថែមទៀតថា «តំបន់អឺរ៉ុប ប្រហែលជាមានភាពទន់ជ្រាយបន្តិចហើយនាពេលកន្លងមក។ ប៉ុន្តែចំពោះគោលនយោបាយផ្តល់អាទិភាពដល់អឺរ៉ុបមួយនេះ នឹងធ្វើឱ្យអ្នកទាំងអស់គ្នាក្រោកឈរការពារវាឱ្យខានតែបាន ព្រោះបើគ្មានគោលនយោបាយនេះទេ នោះការប្រកួតប្រជែងដោយអយុត្តិធម៌ នឹងជាន់ឈ្លីពួកយើងជាមិនខាន» ។
ការប្រកាសពីទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់មេដឹកនាំបារាំងរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនវិនិយោគយក្សរបស់ប្រទេសជប៉ុន សូស្វប៊ែង (SoftBank) បានប្រកាសពីគម្រោងបោះទុនវិនិយោគរហូតដល់ទៅ ៧៥ ពាន់លានអឺរ៉ូ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងប្រទេសបារាំង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.