ព័ត៌មានអន្តរជាតិ

មេដឹកនាំមីយ៉ាន់ម៉ា-ឥណ្ឌា ជួបពិភាក្សាគ្នានៅទីក្រុងញូវដែល្លី ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច

image

ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី បានបើកកិច្ចពិភាក្សាទ្វេភាគីយ៉ាងស្និទ្ធស្នាលជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅឯវិមាន ហាយដឺរ៉ាបាត (Hyderabad House) ក្នុងទីក្រុងញូដេលី កាលពីថ្ងៃចន្ទ ដែលនេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបង្អស់របស់មេដឹកនាំមីយ៉ាន់ម៉ារូបនេះទៅកាន់ប្រទេសឥណ្ឌា គិតចាប់តាំងពីលោកបានឡើងកាន់អំណាចដឹកនាំប្រទេសមក ។

 

ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃនេះ ធ្វើឡើងតាមការអញ្ជើញរបស់ភាគីឥណ្ឌា ក្នុងគោលបំណងរឹតចំណងមិត្តភាព និងពង្រឹងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ ខណៈរបៀបវារៈនៃកិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើបញ្ហាសន្តិសុខនៅតាមបណ្តោយព្រំដែន និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយសង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ។

 

ជំនួបកំពូលនេះ ក៏ជាឱកាសយុទ្ធសាស្ត្រមួយ ដែលឥណ្ឌាចង់ជំរុញទៅមុខនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលបានកកស្ទះជាយូរមកហើយ ជាពិសេសគឺគម្រោងច្រករបៀងដឹកជញ្ជូនពហុទម្រង់ កាឡាដាន (Kaladan) ប្រវែង ១០៩ គីឡូម៉ែត្រ ដែលជាផ្លូវសេដ្ឋកិច្ចតភ្ជាប់រវាងរដ្ឋ មីហ្សូរ៉ាម របស់ឥណ្ឌា និងរដ្ឋឈីន (Chin) របស់មីយ៉ាន់ម៉ា ។

 

គម្រោងផ្លូវសេដ្ឋកិច្ចដ៏សំខាន់ខាងលើនេះ បានជួបប្រទះនឹងការអូសបន្លាយពេល និងការរាំងស្ទះម្តងហើយម្តងទៀត ដោយសារតែការផ្ទុះអាវុធប្រយុទ្ធគ្នាយ៉ាងក្តៅគគុក រវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធប្រឆាំង ដែលធ្វើឱ្យវឌ្ឍនភាពនៃសំណង់ទាំងស្រុងត្រូវពឹងផ្អែកទៅលើស្ថិរភាពសន្តិសុខក្នុងតំបន់ ។

 

ក្រៅពីជំនួបជាមួយលោក ម៉ូឌី លោក មីន អ៊ុងឡាំង ដែលទើបឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែមេសា ក៏បានជួបជាមួយប្រធានាធិបតីឥណ្ឌា និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការដោះដូរពាណិជ្ជកម្ម ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរនេះមានតម្លៃសរុបជាង ២ ពាន់លានដុល្លារ ក្នុងចន្លោះឆ្នាំ ២០២៥-២០២៦ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.