ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រើនាវាបំបែកទឹកកកដើរដោយនុយក្លេអ៊ែរ ដើម្បីដឹកជញ្ជូនឧស្ម័នឆ្លងកាត់តំបន់ទឹកកកប៉ូលខាងជើងទៅកាន់តំបន់អាស៊ី

image


រុស្ស៊ី៖ ចំពេលដែលវិបត្តិជម្លោះនៅតំបន់មជ្ឈិមបូព៌ាកំពុងបង្កការរំខានដល់ផ្លូវពាណិជ្ជកម្មតាមសមុទ្រ ប្រទេសរុស្ស៊ី បានប្រកាសបើកផ្លូវនាវាចរណ៍តំបន់សមុទ្រខាងជើងជាផ្លូវការឡើងវិញ ដោយបានបញ្ជូននាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់តំបន់ទឹកកកនៃប៉ូលខាងជើងឆ្ពោះទៅកាន់អាស៊ី លឿនជាងឆ្នាំមុនបន្តិច។ ប្រតិបត្តិការផ្លូវវាងកាត់ទឹកកកដ៏មានសក្តានុពលនេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូន ដោយសារតែរុស្ស៊ីមាននាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរដ៏មានសមត្ថភាពខ្ពស់ ក្នុងការបើកបុកកម្ទេចផ្ទាំងទឹកកកធំៗ ជាពិសេសនៅក្នុងអំឡុងរដូវក្តៅ ខណៈក្រុមការងារ RT បានចុះទៅយកព័ត៌មានផ្ទាល់នៅលើនាវាដ៏ល្បីឈ្មោះមួយគ្រឿង ឈ្មោះ យ៉ាម៉ាល់ (Yamal) ។

ទោះបីជាត្រូវបំពេញភារកិច្ចដាច់ដោយឡែករាប់រយម៉ាយពីដីគោក នៅក្នុងបរិយាកាសដ៏រងានាតំបន់អាកទិក និងគ្មានសេវាទូរសព្ទក៏ដោយ ក៏នាវាបំបែកទឹកកកដើរដោយថាមពលនុយក្លេអ៊ែរ យ៉ាម៉ាល់ (Yamal) មិនមែនគ្រាន់តែជានាវាធម្មតានោះទេ ប៉ុន្តែវាត្រូវបានរចនាឡើងយ៉ាងពិសេសឱ្យទៅជាពិភពលោកតូចមួយដាច់ដោយឡែក ដែលមានអ្វីៗសព្វគ្រប់ទាំងអស់នៅខាងក្នុង។ គោលបំណងចម្បងនៃការរៀបចំប្រព័ន្ធរស់នៅលើនាវានេះ គឺដើម្បីធានាសុវត្ថិភាព សុខភាព និងថែរក្សាស្មារតីរបស់ក្រុមនាវិកទាំងអស់ ឱ្យនៅតែមានភាពវៃឆ្លាត ភាពរហ័សរហួន និងមានសុខភាពផ្លូវចិត្តល្អ ក្នុងអំឡុងពួកគេត្រូវបំពេញការងារយ៉ាងនឿយហត់ និងត្រូវរស់នៅឆ្ងាយពីផ្ទះដាច់ស្រយាលពីពិភពទូទៅរបស់មនុស្ស ។

ចំណុចស្នូលដ៏សំខាន់មួយដែលជួយឱ្យនាវាទាំងមូលដំណើរការទៅមុខបាន គឺអាហារដ្ឋានដ៏ទំនើបសម្រាប់ក្រុមនាវិកដែលត្រូវចំណាយពេលរាប់សប្តាហ៍នៅលើផ្ទៃសមុទ្រទឹកកក។ បន្ថែមពីនេះ ទីកន្លែងហាត់ប្រាណ នៅលើនាវានេះមានបន្ទប់ហាត់ប្រាណផ្ទាល់ខ្លួនបំពាក់ដោយឧបករណ៍គ្រប់មុខដូចនៅលើគោក ព្រមជាមួយនឹងតារាងកីឡាតូចមួយសម្រាប់លេងជាក្រុម ដូចជា បាល់ទះ បាល់បោះ និងវាយសី ដែលបង្កើតឡើងសម្រាប់ឱ្យក្រុមនាវិកលេងកម្សាន្ត ។

ក្រៅពីសកម្មភាពកីឡា នាវាដ៏មានសមត្ថភាពខ្ពស់មួយគ្រឿងនេះ ថែមទាំងមានអាងហែលទឹកក្ដៅឧណ្ហៗ ដែលបូមទឹកយកមកដោយផ្ទាល់ចេញពីទឹកសមុទ្រតំបន់ប៉ូល។ អាងហែលទឹកនេះ មិនមែនមានត្រឹមតែសម្រាប់លេងសប្បាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសម្រាប់ធ្វើការព្យាបាលដោយចលនា សម្រាកលំហែកាយ និងកាត់បន្ថយភាពតានតឹង។ ជាងនេះទៀត ក៏នៅមានបន្ទប់សូណា (Sauna) ដែលមាននៅលើនាវាស្រាប់ ដើម្បីផ្តល់ភាពកក់ក្តៅដល់រាងកាយ និងជួយឱ្យសាច់ដុំបានធូរស្បើយ បន្ទាប់ពីឆ្លងកាត់ការបំពេញការងារដ៏យូរពេញមួយថ្ងៃក្នុងពិភពដ៏ត្រជាក់ ។

ក្រៅពីនេះ ក៏នៅមានបណ្ណាល័យប្រវត្តិសាស្ត្រ ដែលជាកន្លែងផ្ទុកកំណប់ទ្រព្យ និងប្រមូលផ្តុំសៀវភៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលសៀវភៅខ្លះមានអាយុកាលតាំងពីសម័យសហភាពសូវៀតមកម៉្លេះ។ កាលពីមុន ក្រុមនាវិកតែងតែមានទម្លាប់ផ្លាស់ប្តូរសៀវភៅគ្នាអានជាមួយសហសេវិកមកពីនាវាផ្សេងទៀតនៅពេលចូលចត ហើយអ្នកខ្លះថែមទាំងបានយកសៀវភៅផ្ទាល់ខ្លួនមកទុកនៅលើនាវានេះ ដើម្បីឱ្យអ្នកដទៃបានអានកម្សាន្ត ដែលស្មារតីនៃការចែករំលែកនេះនៅតែបន្តរក្សាមកដល់សព្វថ្ងៃ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.