រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតឡាវ ឯកភាពឱ្យមានការផ្លាស់ប្តូរចំណេះដឹងដោយផ្ទាល់ រវាងមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន និងការចែករំលែកបទពិសោធពីករណីជំងឺឆ្លងដែន ដើម្បីពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបរួមឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរវាងកម្ពុជា និងឡាវ។
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតលើលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ជាពិសេសសុខាភិបាលតាមព្រំដែន ដោយសារសន្តិសុខសុខាភិបាលរបស់ប្រទេសទាំងពីរ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការបន្តធ្វើការជាមួយស្ថានទូតឡាវ និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាថ្មី រវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដោយផ្តោតលើការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ នៅតាមបណ្តាខេត្តជាប់ព្រំដែន ដោយសារសុខភាពគ្មានព្រំដែន និងការពង្រឹងប្រព័ន្ធជូនដំណឹងមុន ដើម្បីរកឃើញ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះស្ថានការណ៍អាសន្នផ្នែកសុខាភិបាល ជាពិសេសនៅច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងពង្រឹងសមត្ថភាពរួមក្នុងការអនុវត្តបទប្បញ្ញត្តិសុខភាពអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលរួម ការវាយតម្លៃ និងការផ្លាស់ប្តូរព័ត៌មានសុខាភិបាលជាក់ស្តែង។
លើសពីនេះ ភាគីទាំងពីរ បានឯកភាពឱ្យមានការផ្លាស់ប្តូរចំណេះដឹងដោយផ្ទាល់រវាងមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ការរៀបចំលំហាត់សមយុទ្ធរួមនៅទីតាំងជាក់ស្តែង និងការចែករំលែកបទពិសោធពីករណីជំងឺឆ្លងដែន ដើម្បីពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបរួមឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រសួងសុខាភិបាល បានស្វាគមន៍គំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ឱសថ និងបរិក្ខារពេទ្យរួម ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងបន្តគាំទ្រគ្នាក្នុងក្របខណ្ឌអាស៊ាន មេគង្គ-ឡានឆាង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ