សង្គម

កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសOnline Scams នៅផ្ទះជួល ស្រុកចន្ទ្រា

image


ស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកចន្ទ្រា បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលរបស់លោក សុខ ដាវី ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុក ចន្ទ្រា ដោយឃាត់ខ្លួនមនុស្ស ក្នុងរង្វង់ប្រតិបត្តិការ ០៤នាក់ (ជនជាតិ ចិន ០១នាក់ ប្រុស, ជនជាតិវៀតណាម ០៣នាក់ ស្រី ០១នាក់)។

សមត្ថកិច្ច បានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើស រួមមាន កំព្យូទ័រយួរដៃ, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើស បានក្រុមការងារបិទសុីល បិទទីតាំងបណ្ដោះអាសន្ន៕
អត្ថបទ៖ មិន ភក្តី