ពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅស្រុកពញាឮ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយ មនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្ដាល ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទាំង ៦៤គ្រួសារ ដែលមានទីលំនៅ ក្នុងឃុំជ្រៃលាស់ ឃុំទំនប់ធំ និងឃុំវិហារលួង ស្រុកពញាឮ ។
ក្នុងឱកាសនោះ លោក គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់រងគ្រោះទាំងអស់ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរយ៉ាងក្រៃលែង។
លោកបានបន្តថា ជានិច្ចកាលសម្តេចប្រធាន តែងតែបានណែនាំជាប្រចាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយពិនិត្យមើលពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ត្រូវតែជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះដោយសារគ្រោះមន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ផ្ទាល់ដោយគ្មានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក គួច ចំរើន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះ សម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ អ្វីដែលសំខាន់នោះសូមគ្រួសាររងគ្រោះទាំងអស់ សូមបន្តខិតខំរកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ ជីវភាពគ្រួសារ ឱ្យមានភាពប្រសើរឡើងវិញ ទើបជាការប្រសើរ។
លោក ក៏បានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ នៅក្នុងរដូវវស្សានេះ អាចមានភ្លៀងធ្លាក់ច្រើន ដូចនេះសូមចូលរួមថែទាំសុខភាពសម្រាប់ក្រុមគ្រួសារជាចម្បង ពិសេសករណីជំងឺគ្រុនឈាមចំពោះកុមារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអនាម័យ៣ប្រការគឺ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត ព្រមទាំងប្រុងប្រយ័ត្នផងដែរពីបញ្ហាករណីក្មេងលង់ទឹកស្លាប់ ព្រោះរដូវនេះគឺជារដូវវស្សាមានទឹកច្រើន។
គួររំលឹកផងដែរថា ខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៨ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋសរុប ៦៤ខ្នង ក្នុងនោះ ផ្ទះរលំទាំងស្រុងចំនួន ៣ខ្នង និង ៦១ខ្នងទៀត បានរងគ្រោះប៉ើងដំបូលផ្ទះមានកម្រិតជាមធ្យម និងធ្ងន់ធ្ងរមួយចំនួន ស្ថិតនៅភូមិចំនួន១៧ នៃឃុំចំនួន៣គឺ៖ ឃុំជ្រៃលាស់ ៤៦គ្រួសារ ,ឃុំទំនប់ធំ ១៧គ្រួសារ និងឃុំវិហារលួង ចំនួន ១គ្រួសារ៕
អត្ថបទ៖ ឈុន សភ័ក្រ