ក្រសួងបរិស្ថានបានបណ្តុះកូនឈើបានជាង៤លានដើមគិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្នុងនោះដើមត្នោតជាង១លានដើមសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំ
ភ្នំពេញ៖ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត «យុទ្ធនាការពន្លកបៃតង» យ៉ាងសកម្ម តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តមទី២ គឺ «ភាពបៃតង» បានជំរុញការអនុវត្តសកម្មភាពបណ្តុះ និងការចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំស្តារព្រៃសហគមន៍ ដាំនៅតាមទីសាធារណៈ ដូចជានៅតាមសាលារៀន វត្តអារាម និងមូលដ្ឋាននា ដើម្បីបង្កើនគម្របព្រៃឈើ និងឆ្ពោះទៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង ១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ។
សូមបញ្ជាក់ថា យុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ត្រូវបានបង្កើតឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនគម្របព្រៃឈើ បណ្តុះផ្នត់គំនិតស្រឡាញ់ធម្មជាតិដល់ប្រជាជន និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថានបានពង្រីកការបណ្តុះកូនឈើ ដោយផលិតកូនឈើរាប់លានដើម (ចន្លោះពី ៣ ទៅ ៥លានដើមក្នុងមួយឆ្នាំ) នៅតាមថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានទូទាំងប្រទេស និងតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួណ៥កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង។ កូនឈើទាំងនោះរួមមាន ឈើព្រៃ (ដូចជា បេង នាងនួន) ឈើហូបផ្លែ និងកូនត្នោត។
ក្រសួងបរិស្ថាន មានគម្រោងចែកកូនឈើជូនសាធារណជន សហគមន៍ សាលារៀន និងវត្តអារាម ដើម្បីយកទៅដាំនៅតាមមូលដ្ឋានរៀងៗខ្លួន ឬដាំស្តារព្រៃ នៅក្នុងពេលខាងមុខក្នុងឆ្នាំ២០២៦ ចំនួន៥លានដើម៕