ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបឧបនាយករដ្ឋមន្ត្រីទីម័រឡេស្តេ ពិភាក្សាកិច្ចសហប្រតិបត្តិការឌីជីថល និងការចែករំលែកបទពិសោធន៍បរិវត្តកម្មឌីជីថល

image

ទីម័រឡេស្តេ៖ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl។

ជំនួបនេះ បានផ្តោតលើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល និងការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល ជាពិសេសការអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារឌីជីថលប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅកម្ពុជា និងការគាំទ្របច្ចេកទេសរបស់កម្ពុជាក្នុងការអភិវឌ្ឍថ្នាល verify.gov.tl សម្រាប់ទីម័រឡេស្តេ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរកន្លងមក និងបានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការលើវិស័យឌីជីថលឱ្យកាន់តែស៊ីជម្រៅ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសទាំងពីរ៕