ព័ត៌មានជាតិ

ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដកំពង់ធំ

image

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដី ទី កម្ពុជា បានអញ្ជេីញបន្ដចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដកំពង់ធំ។

នេះជាជំនួបទី១១ហើយ និងជាខេត្ដ/រាជធានីទី១២ បន្ទាប់ពីចាប់ផ្ដេីមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ និង កំពង់ឆ្នាំង ពោធិ៍សាត់ ដែលកម្មវិធីនាឱកាសនេះមានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សា ជុំវិញខេត្ដ សមាជិក សាមាជិកា ប្រមាណជិតជាង១០០០នាក់។

ខេត្តកំពង់ធំ ជាខេត្តស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ចម្ងាយ ១៦៨គ.ម. ពីរាជធានីភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងខេត្តព្រះវិហារ, ខាងត្បូងទល់នឹងខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង, ខាងលិចទល់នឹង ខេត្តសៀមរាប និងបឹងទន្លេសាប, ខាងកើតទល់នឹងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

ផ្ទៃដីសរុប ១៥ ០៦១គ.ម.ការ៉េ ចែកជាពីរសណ្ឋានគឺ តំបន់ខាងក្រោមផ្លូវជាតិ លេខ៦ ជាតំបន់វាលទំនាប លាតសន្ធឹងដល់មាត់បឹងទន្លេសាប ដែលអំណោយផលយ៉ាងខ្លាំងដល់ការបង្កបង្កើន ផលស្រូវ ការនេសាទ និងវារីវប្បកម្ម និងតំបន់ខាងលើផ្លូវជាតិលេខ៦ ជាតំបន់ខ្ពង់រាប ដែលសមប្រកបសម្រាប់ ដំណាំចម្ការ ដូចជា ដំណាំកៅស៊ូ ស្វាយចន្ទី និងដំឡូងមីជាដើម។

ខេត្តកំពង់ធំបាននិងកំពុងប្រែមុខមាត់ថ្មី និងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីប្រែក្លាយ សក្តានុពលរបស់ខេត្តដែលមានផ្ទៃដីធំជាងគេ និងនៅចំចំណុចកណ្តាលប្រទេស សម្បូរទៅដោយធនធានទឹក និង មានប្រជាជនជិតមួយលាននាក់ ឱ្យទៅជាមូលដ្ឋានសេដ្ឋកិច្ច និងអាចឈរជើងយូរអង្វែង រួមទាំងជះឥទ្ធិពលទៅដល់ខេត្តជុំវិញជាច្រើនទៀត ស្របតាមចក្ខុវិស័យរបស់ សម្តេច តេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត - ប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាបង្គោលនិងមូលដ្ឋានគាំទ្រដ៏ រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា» និង «ប្រែក្លាយខេត្តកំពង់ធំ លែងឱ្យជាខេត្តមួយដែលគេទៅហួសមកហួស ទាំងវិស័យទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងទាំងគម្រោងអភិវឌ្ឍន៍»។ 

ការចុះជួបសំណេះសំណាលនេះ ជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

តាមរយៈ ការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ ផ្សេងៗ របស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងអោយបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។

គោលបំណងសំខាន់មួយទៀតគឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។ 

តាមការគ្រោងទុក បន្ទាប់ពីជំនួបនៅខេត្ដកំពង់ធំនេះ សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅ ខេត្ដកណ្ដាល ហេីយនឹងបន្ដនៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង