ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្រើមីស៊ីលនិងដ្រូនវាយប្រហារលើទីស្នាក់ការកងទ័ពជើងទឹកទី៥ របស់អាម៉េរិក ក្រោយអាម៉េរិកបាញ់នាវាដឹកប្រេងអ៊ីរ៉ង់

image

អ៊ីរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសពីការបើកប្រតិបត្តិការសងសឹកយ៉ាងចាស់ដៃ ទៅលើទីស្នាក់ការកណ្តាលនៃកងទ័ពជើងទឹកទី៥ ព្រមទាំងមូលដ្ឋានទ័ពអាកាស និងមូលដ្ឋានឧទ្ធម្ភាគចក្ររបស់សហរដ្ឋអាម៉េរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការវាយប្រហារដោយប្រើប្រាស់មីស៊ីល និងដ្រូនអត្តឃាត ។

 

តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន VIORY នៅថ្ងៃទី៣ ខែមិថុនា នេះ បានឱ្យដឹងថា ការវាយប្រហារតបតមួយទល់នឹងមួយរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីកងទ័ពសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារដោយមីស៊ីលតាមអាកាសកាលពីពេលយប់ជ្រៅ ទៅលើនាវាដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់ នៅក្បែរច្រកសមុទ្រ ហ័រមូស (Hormuz) ដែលបណ្តាលឱ្យខូចខាតយ៉ាងដំណំទៅលើបន្ទប់បញ្ជាម៉ាស៊ីន ។

 

ជាការឆ្លើយតបភ្លាមៗទៅនឹងការខូចខាតនាវាដឹកប្រេងរបស់ខ្លួន កងទ័ពជើងទឹកអ៊ីរ៉ង់ បានបាញ់មីស៊ីលកម្ទេចនាវាអាម៉េរិក-អ៊ីស្រាអ៊ែលមួយគ្រឿងឈ្មោះ ប៉ាណាយ៉ា (Panaya) ដោយចោទប្រកាន់ថា ភាគីសត្រូវ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិសន្តិសុខនាវាចរណ៍នៅក្នុងច្រកសមុទ្រ ហ័រមូស (Hormuz) ។

 

ប្រភពដដែល បានរៀបរាប់ទៀតថា ក្រៅពីការវាយប្រហារលើនាវាដឹកប្រេង កងទ័ពអាម៉េរិកក៏បានឡោមព័ទ្ធបាញ់កម្ទេចស្ថានីយបញ្ជូនសញ្ញាមួយកន្លែងរបស់អ៊ីរ៉ង់ នៅលើកោះ ខេសឹម (Qeshm) ផងដែរ ទើបធ្វើឱ្យកងកម្លាំងអវកាសរបស់អ៊ីរ៉ង់ សម្រេចចិត្តវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាម៉េរិកដែលតាំងទីនៅក្នុងប្រទេសជិតខាងតែម្តង ។

 

តាមរយៈទូរទស្សន៍រដ្ឋ អ៊ីរ៉ង់បានចេញមុខព្រមានជាថ្មីម្តងទៀតទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា រាល់សកម្មភាពណាដែលបង្កការរំខាន ឬបំផ្លាញសុវត្ថិភាពសន្តិសុខនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស (Hormuz) នឹងត្រូវប្រឈមមុខនឹងការវាយបក ហើយនឹងជាវិបត្តិដ៏គ្រោះថ្នាក់បំផុតសម្រាប់កងទ័ពអាម៉េរិក ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ BBC/ Presstv.ir/ VIORY