ព័ត៌មានជាតិ

ផ្អើលផ្លូវ៦០ម៉ែត្រ! នារី២នាក់ប្តឹងសមត្ថកិច្ចថា ជនជាតិចិន២នាក់ បានបៀតបៀនកេរ្តិ៍ខ្មាស់ និងប្រើហិង្សា បន្ទាប់ពីផឹកស៊ីរួច

image

ភ្នំពេញ៖ នារី២នាក់ បានអះអាងថាគាត់ត្រូវបានសង្សាជាជនជាតិចិន ២នាក់ បានបៀតបៀនកេរ្តិ៍ខ្មាស់ និងប្រើហិង្សាលើគាត់ បន្ទាប់ពីផឹកស៊ីរួច កាលពីវេលាម៉ោង ៣និង២៥នាទីទៀបភ្លឺ ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្រុមហ៊ុនអាកាសចរណ៍ ដែលមានស្លាកយីហោ វ៉ាន ស៊ីតុងលីមីតធីត ស្ថិតនៅលើកំណាត់ផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីនារីម្នាក់ក្នុងចំណោមនារីរងគ្រោះទាំង២ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិន២នាក់ ដែលត្រូវជាសង្សា បានហៅពួកគាត់២នាក់ ទៅផឹកស៊ីនៅចំណុចក្រុមហ៊ុនខាងលើ លុះផឹកស្រវឹង ក៏បបួលនាងឡើងទៅបន្ទប់គេងខាងលើ។ បន្ទាប់មកទៀត បុរសទាំង២នាក់នោះបានបន្លំផ្លាស់ប្តូរគ្នា ដោយសង្សាខាងបងទៅបន្ទប់ខាងប្អូន ចំណែកសង្សាខាងប្អូនចូលបន្ទប់ខាងបង ធ្វើឱ្យនារីទាំង២នាក់ភ្ញាក់ផ្អើល និងប្រកែកគ្នារហូតឈានដល់ការចាប់បង្ខំ និងបៀតបៀនតែម្តង។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថបាននាំខ្លួននារីរងគ្រោះទាំង២នាក់ទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីនៅពេលក្រោយ៕

ដោយ៖ រដ្ឋ រង្សី