អូស្ត្រាលី និងកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ
ភ្នំពេញ៖ អូស្ត្រាលី និងកម្ពុជា មានប្រវត្តិយូរអង្វែងក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហារួមដែលតំបន់របស់យើងកំពុងប្រឈមមុខ។ បទល្មើសហិរញ្ញវត្ថុ ក៏មិនមែនជាករណីលើកលែងឡើយ។ ជាលើកដំបូង រដ្ឋបាលពន្ធដារអូស្ត្រាលី បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការស៊ើបអង្កេតបទល្មើសពន្ធដារ» នៅកម្ពុជា។
ថ្មីៗនេះ ក្នុងវគ្គទីមួយនៃសិក្ខាសាលាចំនួនបីដែលគ្រោងនឹងរៀបចំឡើង មន្ត្រី និងអ្នកស៊ើបអង្កេតចំនួន ៤០នាក់ បានជួបប្រជុំគ្នា ដើម្បីសិក្សាអំពីបច្ចេកទេសអនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសពន្ធដារ ការលាងលុយកខ្វក់និងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូដោយខុសច្បាប់។
តាមរយៈការចែករំលែកការអនុវត្តល្អបំផុតក្នុងកម្រិតអន្តរជាតិ រួមទាំងវិធីសាស្ត្រស៊ើបអង្កេតដែលមានភាពចម្រុះ និងបរិយាបន្នកាន់តែប្រសើរ សិក្ខាសាលាទាំងនេះនឹងផ្តល់ជំនាញ និងបច្ចេកទេសចាំបាច់ ដើម្បីជួយធានាថា ធនធានជាតិទទួលបានការការពារ និងត្រូវបានយកទៅវិនិយោគឡើងវិញសម្រាប់ការអភិវឌ្ឍ និងកំណើនរបស់កម្ពុជា។
សូមបញ្ជាក់ថា អូស្ត្រាលី និងកម្ពុជា កំពុងធ្វើការក្នុងភាពជាដៃគូ ដើម្បីបង្កើតអនុតំបន់មេគង្គដែលមានសុវត្ថិភាព ស្ថិរភាព និងវិបុលភាព៕