សភាពាណិជ្ជកម្មកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ។
វិធានការស្របច្បាប់អន្តរជាតិនេះ គឺជាការសម្រេចចិត្តដ៏ចាំបាច់បំផុត បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ជំនួសឲ្យយន្តការទ្វេភាគី ដើម្បី ទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
ការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំនេះ គឺជាសក្ខីភាពមួយយ៉ាងច្បាស់ដែលស្តែងឲ្យឃើញ នូវសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងផលប្រយោជន៏ដ៏ឧត្តុងឧត្តមរបស់ជាតិមាតុភូមិ តាមរយះការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី បន្ទាប់ ពីក្របខ័ណ្ឌទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយត្រូវបានប្រើប្រាស់អស់លទ្ធភាព។
យើងខ្ញុំសូមអំពាវនាវឲ្យសហគមន៏អន្តរជាតិ សូមយកចិត្តទុកដាក់និងតាមដានការអនុវត្តយន្តការផ្សះផ្សា ដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីឈានទៅរកដំណោះស្រាយ មួយប្រកបដោយសន្តិវិធី យុត្តិធម៌ និងតម្លាភាព។
យើងខ្ញុំសូមគាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសិទ្ធិស្របច្បាប់របស់កម្ពុជា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្តរក្សាសាមគ្គីភាពជាតិ និងជឿ ជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងអនុលោមតាម ច្បាប់អន្តរជាតិ៕