ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ សមិទ្ធផលដែលបានលេចចេញជារូបរាងនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡានេះ កំពុង ឆ្លុះបញ្ចាំងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

រូប៖ អេង សុគុណ,លឹម មុនី

-------

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "សមិទ្ធផលដែលបានលេចចេញជារូបរាងនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡានេះ កំពុង ឆ្លុះបញ្ចាំងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេស វិស័យ អប់រំកាយ និង កីឡា សំដៅលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈ ការកសាងសុខភាពរាងកាយឱ្យរឹងមាំ, ការថែរក្សាសុខភាពផ្លូវចិត្ត ឱ្យជ្រះថ្លា, និងការជំរុញសិនិទ្ធភាពសង្គមជាតិ"។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសដែលអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់បីជាន់ សមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅផ្លូវ ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ មិថុនា ឆ្នាំ២០២៦។

សម្តេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការ បុគ្គលិក ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាក់ចេញ នូវ គោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និង កម្មវិធីកែទម្រង់ ដែលបាននិងកំពុង កែលម្អវិស័យអប់រំ ឱ្យប្រសើរឡើងជាលំដាប់, និយាយជារួម និង លើកស្ទួយវិស័យអប់រំកាយ និង កីឡាឱ្យរស់រវើក។ សម្តេចជិបតី បានអរគុណចំពោះ រាជរដ្ឋាភិបាល និង ប្រជាជនជប៉ុន ជាពិសេស អង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលបានឧបត្ថម្ភគាំទ្រដល់គម្រោងសាងសង់អគារកម្ពស់ ៣ ជាន់ និង សមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ដោយបានបំពាក់នូវសម្ភារៈបរិក្ខារគ្រប់គ្រាន់ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវរបស់លោកគ្រូ អ្នកគ្រូ និង គរុសិស្ស គរុនិស្សិត សំដៅចូលរួម លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនមុខវិជ្ជាអប់រំកាយ និង កីឡានៅកម្ពុជា ៕