អាជ្ញាធររាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៧៨នាក់ ក្នុងនោះពុំមានលិខិតឆ្លងដែន ១០នាក់
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង ១៤ កាលពីថ្ងៃទី ២ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំ និងបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៧៨នាក់ ក្នុងនោះជនបរទេសពុំមានលិខិតឆ្លងដែនចំនួន១០នាក់ ប៉ុន្តែមិនបានឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកនោះឡើយ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ថា អាជ្ញាធរបានធ្វើចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ ៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
លោកស្រីអ្នកនាំពាក្យ បានអះអាទៀតថា កន្លងមក និងបន្តទៅមុខទៀតគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅតែជំរុញយ៉ាងម៉ឺងមាត់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថាលុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ទាំងស្រុង។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា សរុបជារួមក្នុងប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យទីតាំងសរុបបានចំនួន ៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៧៨នាក់ ( ស្រី១៤២នា ក់ ) ពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល មាត្រា២០ ជំពូកទី៦ ស្ដីពីទណ្ឌកម្ម បានផាកពិន័យសរុបចំនួន ៣ទីតាំង មនុស្សចំនួន៥នាក់ គិតជាថវិកាសរុបបានចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀល) ៕