ព័ត៌មានជាតិ

បណ្ណកម្មសិទ្ធិដីជាង ១ម៉ឺន ៣ពាន់បណ្ណ ត្រូវបានអាជ្ញាធរខេត្តកំពត បន្តផ្តល់ជូនពលរដ្ឋចំនួន២ឃុំ ក្នុងស្រុកទឹកឈូ

image

កំពត៖ ដើម្បីសម្រេចទៅតាមការគ្រោងទុកលើការងារវាស់វែងដីធ្លីដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋឱ្យរួចរាល់នៅចុងឆ្នាំ២០២៦ មន្ទីរជំនាញបានខិតខំបំពេញការងារយ៉ាងសកម្មដើម្បីពន្លឿនលើការងារនេះ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។ ខេត្តកំពតមានក្បាលដីប្រមាណជាង ៧៥ម៉ឺនក្បាលដី ដែលបានវាស់វែងបញ្ចប់ ហើយការចែកបណ្ណកម្មសិទ្ធិដល់ដៃពលរដ្ឋបានចំនួនជាង ៦៥ម៉ឺនបណ្ណ ហើយរហូតមកដលថ្ងៃនេះ និងបន្តចែកជូនជាង ១ម៉ឺន ៣ពាន់បណ្ណបន្ថែមទៀត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋរស់នៅក្នុងភូមិព្រៃថ្នង ភូមិចក្រីទីង ភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ភូមិគោចិនលែង ភូមិត្រពាំងច្រាប ភូមិត្រសេកកោង និងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដែលមានចំនួន ១៣ ៣១៣បណ្ណ ស្មើនឹង ៧ ៨៦៦គ្រួសារ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តសុខមនោរម្យ ស្ថិតក្នុងភូមិដំណាក់ល្ហួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

 

លោក ម៉ៅ ធនិន បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ខិតខំយកចិត្តទុកដាក់ ជំរុញពន្លឿនឱ្យមានការវាស់វែងដីធ្លីជូនពលរដ្ឋឱ្យបានឆាប់រហ័សបំផុតនៅទូទាំងប្រទេស ដើម្បីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋឱ្យបានលឿនបំផុត។ គោលនយោបាយដីធ្លីនេះត្រូវបានរៀបចំឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋនៅគ្រប់តំបន់ទូទាំងប្រទេសទទួលបានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់ អាចទាញយកផលប្រយោជន៍ពីវិស័យដីធ្លី និងកាត់បន្ថយវិវាទដីធ្លីផងដែរ។

 

លោកអភិបាលខេត្តបានបន្តថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការជំរុញបន្ថែមឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវពន្លឿនលើការងារវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានឆាប់បំផុតទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកសរសើរចំពោះមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលកន្លងមកបានខិតខំប្រឹងប្រែងជម្នះ ពុះពាររាល់ឧបសគ្គ ក្នុងការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ស្របតាមផែនការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលបានកំណត់។

 

យោងតាមរបាយការណ៍របស់ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនាពេលនេះ មានចំនួន ៧ភូមិ ២ឃុំ រួមមាន ភូមិព្រៃថ្នង ភូមិចក្រីទីង ភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង, ភូមិគោចិនលែង ភូមិត្រពាំងច្រាប ភូមិត្រសេកកោង និងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីសរុបចំនួន ១៣ ១៣១ក្បាលដី ស្មើនឹង ៧ ៨៦៦គ្រួសារ។ 

លោកប្រធានមន្ទីរបានបន្តថា កិច្ចការងារទាំងនេះទទួលបានលទ្ធផលល្អក៏ដោយសារមានការគាំទ្រ ដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែផ្ដល់ជាធនធានថវិកា សម្ភារៈឧបករណ៍ ការគាំទ្រលើផ្នែកបច្ចេកទេសលើការងារនេះផងដែរ៕

អត្ថបទ៖ វង្ស សុធារម្យ