លោក រូប៊ីយ៉ូ៖ គម្រោងកាន់កាប់ទឹកដីហ្គាហ្សា ៧០% របស់អ៊ីស្រាអ៊ែល មិនស្ថិតនៅក្នុងផែនការសន្តិភាពរបស់លោក ត្រាំ ឡើយ
សហរដ្ឋអាម៉េរិក៖ អំឡុងកិច្ចប្រជុំសួរដេញដោលគ្នាយ៉ាងក្តៅគគុកនៅក្នុងសភា រវាងសមាជិកសភាអាម៉េរិក លោកស្រី រ៉ូសា ឌីឡូរ៉ូ (Rosa DeLauro) និងរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានជជែកដេញដោលគ្នាយ៉ាងខ្លាំងពីវឌ្ឍនភាពនៃផែនការសន្តិភាព ២០ ចំណុចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ចំពេលដែលចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនឡើងជិត ៧៣,០០០ នាក់ ។
លោករដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីយ៉ូ បញ្ជាក់ថា ឧបសគ្គចម្បងដែលធ្វើឱ្យផែនការសន្តិភាពមិនទាន់អាចលេចចេញជារូបរាងពេញលេញ គឺដោយសារតែក្រុមហាម៉ាស មិនព្រមបំពេញតាមលក្ខខណ្ឌចាំបាច់ក្នុងការ «រំសាយអាវុធ» ដើម្បីបើកផ្លូវឱ្យកងកម្លាំងរក្សាសន្តិសុខអន្តរជាតិ ចូលទៅរៀបចំសណ្តាប់ធ្នាប់នៅក្នុងតំបន់ ។
ឆ្លើយតបទៅនឹងការចោទប្រកាន់ជុំវិញបទបញ្ជារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ ដែលចង់ឱ្យកងទ័ពអ៊ីស្រាអ៊ែល ចូលកាន់កាប់ទឹកដីហ្គាហ្សារហូតដល់ ៧០% នោះ ភាគីអាម៉េរិកបានច្រានចោល និងអះអាងថា វាមិនមែនជាផ្នែក ឬជាយុទ្ធសាស្ត្រដែលស្ថិតនៅក្នុងផែនការសន្តិភាពរបស់អាម៉េរិកឡើយ ។
លោក រូប៊ីយ៉ូ បន្ថែមថា អ្វីដែលរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាភាគីអ៊ីស្រាអ៊ែលចង់បានពិតប្រាកដសម្រាប់ថ្ងៃអនាគត គឺចង់ឃើញតំបន់ហ្គាហ្សា ស្ថិតនៅក្រោមការដឹកនាំនិងគ្រប់គ្រងដោយ «រដ្ឋាភិបាលជំនាញការ» ដែលជាទម្រង់រដ្ឋបាលកណ្តាល និងមិនមានការពាក់ព័ន្ធជាមួយក្រុមហាម៉ាស ។
ទាក់ទិននឹងការឡើងកម្តៅនៃការសាងសង់លំនៅឋាន និងអំពើហិង្សានៅតំបន់ វេសប៊ែង (West Bank) ភាគីអាម៉េរិកបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនគាំទ្រដាច់ខាតចំពោះការប្រែប្រួលស្ថានភាពដីធ្លីនៅទីនោះ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ និងរំខានដល់ដំណើរការចរចាសន្តិភាពទាំងមូលនៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Fox News & CNNon Microsoft Bing