លោក គីម ជុងអ៊ុន ទទួលស្វាគមន៍ និងផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករនារីកូរ៉េខាងជើង
កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមអបអរសាទរខួបលើកទី ៨០ នៃការបង្កើតសាលានយោបាយជាន់ខ្ពស់របស់ជាតិ តាមរយៈការចូលរួមទស្សនាការប្រកួតបាល់ទាត់នារីមិត្តភាព និងបានជួបសម្តែងដោយផ្ដល់ភាពកក់ក្តៅដល់ក្រុមកីឡាករនារីជម្រើសជាតិ ដែលទើបតែដណ្តើមបានជោគជ័យដ៏ធំធេងនៅលើឆាកអន្តរជាតិ ។
ក្រុមកីឡាករនារីដែលទទួលបានការលើកទឹកចិត្ត និងថតរូបអនុស្សាវរីយ៍ផ្ទាល់ពីលោក គីម ជុងអ៊ុន រួមមានក្រុមយុវតីអាយុក្រោម ១៧ ឆ្នាំ ដែលទើបឈ្នះមេដាយមាសពានរង្វាន់អាស៊ី ឆ្នាំ២០២៦ និងក្រុមបាល់ទាត់នារី ណេហ្គូយ៉ាង (Naegohyang) ដែលទើបតែដណ្តើមបានជើងឯកលីគកំពូលអាស៊ី ក្រោយយកឈ្នះក្រុមជប៉ុននៅក្នុងដីកូរ៉េខាងត្បូង កាលពីចុងខែឧសភាកន្លងទៅ ។
ស្របពេលជាមួយគ្នានេះ ក៏មានការរំឭកពីព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយកាលពីនៅក្នុងសន្និសីទសារព័ត៌មាននៅកូរ៉េខាងត្បូង ដោយក្រុមកីឡាករនារីកូរ៉េខាងជើង បានរួមគ្នាងើបដើរចេញពីកម្មវិធីភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងអ្នកកាសែតម្នាក់ ដែលបានប្រើពាក្យហៅពួកគេថា «កូរ៉េខាងជើង» ដោយមិនព្រមប្រើឈ្មោះផ្លូវការរបស់ប្រទេសខ្លួន ។
ការរៀបចំការប្រកួតនេះ ធ្វើឡើងដើម្បីអបអរចំពោះស្ថាប័នអប់រំនយោបាយជាន់ខ្ពស់របស់គណបក្សកាន់អំណាច ដែលលោក គីម ជុងអ៊ុន បានប្រសិទ្ធនាមថាជាបន្ទាយយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរក្សាមនោគមវិជ្ជាបក្ស និងសង្កត់ធ្ងន់ឱ្យស្ថាប័ននេះ ត្រូវតែបន្តរឹតបន្តឹងគោលការណ៍ «គិតគូពីប្រជាជនជាចម្បង» ក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.