មានការភ្ញាក់ផ្អើល ក្រោយពេលមនុស្សម្នាក់ចូលទៅស្រែកឱ្យរដ្ឋាភិបាលអាម៉េរិក ឈប់គាំទ្រអ៊ីស្រាអ៊ែល អំឡុងលោក លោក រូប៊ីយ៉ូ កំពុងប្រជុំ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានជួបប្រទះនឹងហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានអ្នកតវ៉ាម្នាក់ ចូលមកស្រែកឡូឡាបង្កការរំខាន និងដៀលចំៗមុខ នៅក្នុងអំឡុងលោក រូប៊ីយ៉ូ ថ្លែងការណ៍ក្នុងសវនាការរបស់គណៈកម្មាធិការព្រឹទ្ធសភាអាម៉េរិក កាលពីថ្ងៃទី២ ខែមិថុនា ។
ជនបង្កការរំខាន នៅក្នុងហេតុការណ៍នោះ បានធ្វើការស្រែកទាមទារខ្លាំងៗឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បញ្ឈប់ការផ្តល់ជំនួយ និងបញ្ឈប់ការគាំទ្រគ្រប់បែបយ៉ាងទៅកាន់ប្រទេសអ៊ីស្រាអ៊ែលជាបន្ទាន់ ចំពេលដែលស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ាកំពុងតែឡើងកម្តៅខ្លាំង ។
អ្នកតវ៉ារូបនោះ ក៏បានប្រកាន់ទៅលើប្រទេសអ៊ីស្រាអ៊ែលថា កំពុងតែប្រព្រឹត្តសកម្មភាព «ប្រល័យពូជសាសន៍» ទៅលើប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកំពុងបន្តអូសបន្លាយមកទល់ពេលនេះ ព្រមទាំងបានពង្រីកសកម្មភាពស្រដៀងគ្នានេះទៅលើប្រទេសលីបង់ថែមទៀត ។
ទន្ទឹមនឹងការចោទប្រកាន់អ៊ីស្រាអ៊ែល ជននោះ ក៏បានរិះគន់លោក ម៉ាកូ រូប៊ីយ៉ូ ត្រង់ៗថា កំពុងធ្វើសកម្មភាពបម្រើផលប្រយោជន៍ឱ្យទីក្រុងតែលអាវីវ របស់អ៊ីស្រាអ៊ែល យ៉ាងងងើល ខណៈដែលលោករដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ បានត្រឹមតែបង្ហាញអារម្មណ៍ស្ងប់ស្ងាត់ ដោយរង់ចាំឱ្យការស្រែកតវ៉ានោះបញ្ចប់ទៅ ទើបលោកបន្តសេចក្ដីថ្លែងការណ៍របស់ខ្លួនជាបន្តទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.