សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនប្តូរប្រាក់គ្រីបតូធំបំផុតរបស់អ៊ីរ៉ង់ ដោយចោទថា មានផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក កាលពីថ្ងៃអង្គារបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្តូរប្រាក់គ្រីបតូដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ង់ ដោយបានចោទប្រកាន់ក្រុមហ៊ុននេះថា បានជួយសម្រួលដល់រដ្ឋាភិបាលអ៊ីរ៉ង់ និងស្ថាប័នរដ្ឋដែលជាប់បញ្ជីខ្មៅ ក្នុងការគេចវេសពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ។
ការដាក់ទណ្ឌកម្មថ្មីនេះ បានកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតថ្មីមួយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែឧសភា ដោយបានបង្ហាញថា ក្រុមហ៊ុនណូប៊ីថិក (Nobitex) បានក្លាយជាបណ្តាញកណ្តាលដ៏សំខាន់មួយនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់ ដែលត្រូវបានប្រើប្រាស់ដើម្បីចរាចរលុយរាប់រយលានដុល្លារ សម្រាប់ធនាគារកណ្តាលអ៊ីរ៉ង់ និងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ របាយការណ៍នេះ ក៏បានលាតត្រដាងដែរថា ក្រុមហ៊ុន Nobitex នៅតែបន្តដំណើរការដោះស្រាយប្រតិបត្តិការសាច់ប្រាក់រាប់លានដុល្លារបានយ៉ាងរលូន ទោះបីជាស្ថិតក្នុងស្ថានភាពដែលរដ្ឋាភិបាលបញ្ជាឱ្យបិទប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេសក៏ដោយ ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត ប៊េសសិន (Scott Bessent) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់កំពុងតែដាំក្បាលចុះយ៉ាងខ្លាំង របបដឹកនាំរបស់ប្រទេសនេះ បែរជាជ្រើសរើសយកបច្ចេកវិទ្យាទ្រព្យសកម្មឌីជីថល មកបម្រើឱ្យរបៀបវារៈពុករលួយរបស់ខ្លួនទៅវិញ ដែលក្នុងនោះរួមមានការគេចវេសពីទណ្ឌកម្ម និងការផ្ទេរទ្រព្យសម្បត្តិចេញក្រៅប្រទេស» ។
ការស៊ើបអង្កេតរបស់ Reuters បង្ហាញថា ក្រុមហ៊ុន Nobitex ត្រូវបានគ្រប់គ្រងដោយបងប្អូនបង្កើតពីរនាក់ ដែលមកពីគ្រួសារដែលមានអំណាចបំផុតមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំកំពូលថ្មី។ បងប្អូនទាំងពីរនាក់នេះ គឺជាសមាជិកនៃត្រកូល ខារ៉ាហ្ស៊ី (Kharrazi) ជាខ្សែស្រឡាយគ្រួសារដែលមានឥទ្ធិពលបំផុតមួយនៅក្នុងសាធារណរដ្ឋឥស្លាមមួយនេះ។ ឯកសារចុះបញ្ជីក្រុមហ៊ុន បង្ហាញថា នៅពេលក្រុមហ៊ុនប្តូរប្រាក់នេះចាប់ផ្តើមដំណើរការ បងប្អូនប្រុសទាំងពីរនាក់នេះ បានចុះឈ្មោះដោយប្រើប្រាស់ត្រកូលមួយផ្សេងទៀត ដែលសមាជិកក្នុងគ្រួសារ កម្រនឹងយកមកប្រើប្រាស់ណាស់ ។
ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានប្រកាសកាលពីថ្ងៃអង្គារថា បងប្អូនប្រុសទាំងពីរនាក់នោះ មានឈ្មោះថា សេយីដ មហាម៉ាត់ អាលី អាហ្គាមៀ មហាម៉ាត់ អាលី (Seyed Mohammad Ali Aghamir Mohammad Ali) និង សេយីដ មហាម៉ាត់ អាហ្គាមៀ មហាម៉ាត់ អាលី (Seyed Mohammad Aghamir Mohammad Ali) ក៏ត្រូវបានដាក់ទណ្ឌកម្មជាបុគ្គលផងដែរ ព្រមជាមួយនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺលោក អាមៀ ហ៊ូសេន រ៉ាដ (Amir Hossein Rad) ។
ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុន Nobitex បានផ្តល់ «ការគាំទ្រយ៉ាងសំខាន់» ដល់រដ្ឋាភិបាលអ៊ីរ៉ង់ និងបានជួយសម្រួលដល់ «ប្រតិបត្តិការឌីជីថលមួយចំនួនធំ» ដែលមានការផ្សារភ្ជាប់ទៅនឹងកងទ័ពអ៊ីរ៉ង់ (IRGC) និងធនាគារកណ្តាលរបស់អ៊ីរ៉ង់។ ក្រសួងបន្ថែមថា «បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការវាយប្រហារយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ង់ ក្រុមហ៊ុន Nobitex បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងផ្ទេរទ្រព្យសម្បត្តិ ព្រមទាំងមូលនិធិផ្សេងៗចេញពីប្រទេសអ៊ីរ៉ង់ ដើម្បីការពារទ្រព្យសម្បត្តិរបស់របបដឹកនាំនេះ ទោះបីជាមានការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតក៏ដោយ» ។
គេមិនអាចទាក់ទងក្រុមហ៊ុន Nobitex ដើម្បីសុំការអត្ថាធិប្បាយជុំវិញការដាក់ទណ្ឌកម្មនេះបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើជូនអតិថិជននៅថ្ងៃពុធនេះ នៅលើគណនី Telegram របស់ខ្លួន ក្រុមហ៊ុនប្តូរប្រាក់នេះ និយាយថា ខ្លួនបានត្រៀមលក្ខណៈទុកជាមុនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចំពោះបញ្ហាដែលអាចនឹងពាក់ព័ន្ធនឹងទណ្ឌកម្ម ដោយសារតែ «បញ្ហាប្រឈមដ៏កម្រដែលអាជីវកម្មអ៊ីរ៉ង់ ត្រូវប្រឈមមុខនៅពេលធ្វើប្រតិបត្តិការជាអន្តរជាតិ» ។
សេចក្តីថ្លែងការណ៍នោះ បានបន្តថា «អាស្រ័យហេតុនេះ ការរៀបចំផ្នែកបច្ចេកទេស និងប្រតិបត្តិការចាំបាច់ ដើម្បីដោះស្រាយជាមួយនឹងស្ថានភាពបែបនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការរបស់ក្រុមហ៊ុន ជាយូរមកហើយ» ។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលផ្ញើជូន Reuters កាលពីខែមេសា ក្រុមហ៊ុន Nobitex បានអះអាងថា ខ្លួនមិនមានការផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយរដ្ឋាភិបាលឡើយ ហើយបានបដិសេធចំពោះការជួយជ្រោមជ្រែងដល់រដ្ឋ។ ក្រុមហ៊ុននិយាយថា រាល់មូលនិធិខុសច្បាប់ណាមួយដែលចរាចរឆ្លងកាត់ Nobitex គឺកើតឡើងដោយគ្មានការអនុម័ត ឬការដឹងឮពីថ្នាក់គ្រប់គ្រងនោះឡើយ។ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា បងប្អូនប្រុសទាំងពីរនាក់នោះ មិនដែលបានប្រើប្រាស់អត្តសញ្ញាណផ្សេង ឬផ្លាស់ប្តូរអត្តសញ្ញាណរបស់ពួកគេនោះឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ (Majid Asgaripour/WANA (West Asia News Agency) via REUTERS)/ Bloomberg