ប្រធានាធិបតីឡាវ បំពេញទស្សនកិច្ចផ្លូវរដ្ឋ ៥ថ្ងៃនៅប្រទេសចិន ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល
ឡាវ-ចិន៖ ប្រធានាធិបតីឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) បានធ្វើដំណើរទៅដល់ទីក្រុង ហាងចូវ (Hangzhou) ខេត្ត ចេជាំង (Zhejiang) ភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី ២ ខែមិថុនា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៥ថ្ងៃ តបតាមការអញ្ជើញផ្លូវការរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងគោលបំណងរឹតចំណងមិត្តភាពការទូតរវាងប្រជាជាតិទាំងពីរ ។
ដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំឡាវនៅខេត្ត ចេជាំង នាពេលនេះ ធ្វើឡើងក្នុងគោលបំណងផ្តោតសំខាន់ទៅលើការជំរុញ និងធ្វើទំនើបកម្មប្រព័ន្ធពាណិជ្ជកម្មឌីជីថល យន្តការទូទាត់ប្រាក់ឆ្លងដែន ព្រមទាំងពង្រឹងប្រព័ន្ធដឹកជញ្ជូន ក្នុងការនាំចេញកសិផលរបស់ឡាវទៅកាន់ទីផ្សារចិន ។
ខេត្ត ចេជាំង ដែលប្រធានាធិបតីឡាវកំពុងស្នាក់នៅបំពេញទស្សនកិច្ចនេះ ត្រូវគេស្គាល់ថាជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថល និងជាបេះដូងនៃពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំបំផុតរបស់ចិន ដែលជាគំរូដ៏សំខាន់សម្រាប់ប្រទេសឡាវ ក្នុងការសិក្សារៀនសូត្រ និងសហការ ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីឡាវនៅឆ្នាំ ២០២៦ នេះ ក៏ជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានប្រសិទ្ធនាមថាជា «ឆ្នាំនៃមិត្តភាពចិន-ឡាវ» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំយូរអង្វែង ។
ទន្ទឹមនឹងការរឹតចំណងការទូត ដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលនេះ ក៏ជានិមិត្តរូបនៃការបើកទំព័រពាណិជ្ជកម្មថ្មីមួយរបស់ប្រទេសឡាវ ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលចិនបានជួយកសាងនាពេលកន្លងមក ដូចជាខ្សែរថភ្លើងល្បឿនលឿនចិន-ឡាវជាដើម ។
តាមរយៈការឈានជើងចូលទឹកដីនៃខេត្តចេជាំង ថ្នាក់ដឹកនាំឡាវមានបំណងប្រែក្លាយច្រករបៀងដឹកជញ្ជូនបច្ចុប្បន្ន ឱ្យទៅជាកាតាលីករជំរុញសេដ្ឋកិច្ចបែបឌីជីថលពិតប្រាកដ ដោយពឹងផ្អែកលើការផ្លាស់ប្តូរបច្ចេកវិទ្យា ចំណេះដឹង និងការបង្កើតយន្តការសម្របសម្រួលពាណិជ្ជកម្មតាមព្រំដែន ឱ្យកាន់តែមានភាពរហ័សទាន់ចិត្ត ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់អាស៊ាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.