ព័ត៌មានអន្តរជាតិ

អ្នកផ្សារជំរុញឱ្យរដ្ឋាភិបាលបង់ក្លាដែស្ហ បើកផ្សារឱ្យបានយូរជាងមុន ដើម្បីសន្សំសំចៃថាមពល

image


បង់ក្លាដែស្ហ៖ ក្រុមម្ចាស់ហាងនៅក្នុងរដ្ឋធានី ដាកា (Dhaka) បានជំរុញឱ្យរដ្ឋាភិបាលបន្ថែមម៉ោងលក់ដូរក្នុងផ្សារ ដែលទើបតែដាក់ឱ្យអនុវត្តឡើងវិញត្រឹមម៉ោង ៧ យប់ ឱ្យមានពេលយូរជាងនេះ ព្រោះអតិថិជនភាគច្រើនចូលចិត្តដើរទិញទំនិញនៅពេលល្ងាចឬយប់ ជាពេលដែលមានអាកាសធាតុត្រជាក់ ។
 
តាមរយៈវីដេអូកាលពីថ្ងៃអង្គារ បានបង្ហាញពីទិដ្ឋភាពទ្វារច្រកចូលនៃមជ្ឈមណ្ឌលលក់ទំនិញ ឆៃណាថោន (China Town Shopping Centre) ត្រូវបានបិទជិត ខណៈដែលក្រុមអាជីវករ និងបុគ្គលិកសន្តិសុខនៅផ្សារ បៃទុល មូខារ៉ាម (Baitul Mukarram) បាននាំគ្នាបិទតូប និងហាងទំនិញ ដើម្បីអនុវត្តតាមបទបញ្ជាថ្មី ។
 
ម្ចាស់ហាងម្នាក់ឈ្មោះ មហាម៉េត ណាអ៊ែម (Mohammad Naeem) បានរៀបរាប់ថា «អតិថិជនមកច្រើននៅពេលល្ងាច ចំណែកពេលថ្ងៃគឺមានតិចតួចណាស់ ដោយសារតែពេលថ្ងៃវាក្ដៅខ្លាំង ដូច្នេះអ្នកមកទិញទំនិញនៅពេលណាដែលធាតុអាកាសត្រជាក់ចុះ។ វានឹងល្អខ្លាំងណាស់សម្រាប់ បើសិនជាផ្សារអាចបន្តបើករហូតដល់ម៉ោង ១០ យប់» ។
 
ក្រុមអាជីវករ បានធ្វើការព្រមានថា វិធានការបិទផ្សារលឿនបែបនេះ អាចនឹងជះឥទ្ធិពលអាក្រក់ជាបន្តបន្ទាប់ដល់ប្រព័ន្ធសេដ្ឋកិច្ចនៅក្នុងទីក្រុងមួយដែលពឹងផ្អែកខ្លាំងលើការធ្វើពាណិជ្ជកម្មនាពេលល្ងាច ។
 
លោក ណាស្រ៊ុល​ អ៊ីស្លាម (Nazrul Islam) លើកឡើងថា «បើផ្សារត្រូវបិទនៅម៉ោង ៧ យប់ វានឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធំធេងដល់សេដ្ឋកិច្ចជាក់ជាមិនខាន ព្រោះគេស្គាល់ថា ទីក្រុងដាកា ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយការលក់ដូរភាគច្រើន មាននៅពេលល្ងាច​ និងយប់ ដូចនេះបើរដ្ឋាភិបាលអនុញ្ញាតឱ្យផ្សារបិទយូរជាងនេះ ពោលគឺត្រឹមម៉ោង ៩ ឬម៉ោង ១០ យប់ វានឹងផ្តល់ផលល្អសម្រាប់គ្រប់ៗគ្នា» ។
 
ចំណែកឯអ្នកផ្សេងទៀត និយាយថា ជារឿយៗអ្នកទិញទំនិញមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការដើរផ្សារនោះទេ មុនពេលម៉ោងបិទផ្សារ។ លោក អាប៊ុល​ ហ៊ូសេន (Abul Hossain) និយាយថា «ពួកគេនឹងមានអារម្មណ៍ធូរស្រាល និងមានភាពងាយស្រួលក្នុងការមកផ្សារទិញដូរ បើសិនជាហាងទំនិញនានាអាចបើកទ្វាររហូតដល់ម៉ោង ៩ ឬម៉ោង ១០ យប់» ។
រដ្ឋាភិបាលបង់ក្លាដែស្ហ បានប្រកាសដាក់ឱ្យអនុវត្តឡើងវិញជាផ្លូវការទូទាំងប្រទេស នូវម៉ោងបិទមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប និងហាងលក់រាយត្រឹមម៉ោង ៧ យប់ ចាប់តាំងពីថ្ងៃទី ១ ខែមិថុនា តទៅ ដែលនេះជាការកែប្រែឡើងវិញនូវការបន្លាយពេលបណ្តោះអាសន្ន កាលពីអំឡុងពិធីបុណ្យ អ៊ែដ​ អាល់អាត់ហាល់ (Eid al-Adha) ដែលកាលណោះ អាជីវកម្មនានាត្រូវបានអនុញ្ញាតឱ្យបើកដំណើរការរហូតដល់ម៉ោង ១០ យប់ ។
បទបញ្ជាដែលចេញដោយនាយកដ្ឋានអគ្គិសនី ខាងលើនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្សំសំចៃការប្រើប្រាស់អគ្គិសនី និងគ្រប់គ្រងបណ្តាញចែកចាយថាមពលជាតិ ចំពេលដែលសីតុណ្ហភាពរដូវក្តៅកំពុងតែកើនឡើងខ្លាំង និងតម្លៃថាមពលមានការហក់ឡើងខ្ពស់។ អាជ្ញាធរក៏បានបញ្ជាឱ្យបិទភ្លើងផ្ទាំងប៉ាណូពាណិជ្ជកម្មធំៗ ព្រមទាំងតម្រូវឱ្យកម្មវិធីពិព័រណ៍ ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ ត្រូវបញ្ចប់ត្រឹមម៉ោង ៧ យប់ ដូចគ្នាដែរ ។
ទោះជាយ៉ាងណាក៏ដោយ សេវាកម្មចាំបាច់មួយចំនួន រួមមាន ឱសថស្ថាន មន្ទីរពេទ្យ សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារលក់អាហារស្រស់ៗ ត្រូវបានលើកលែងមិនឱ្យស្ថិតក្រោមការរឹតបន្តឹងនេះឡើយ ។
វិធានការដ៏តឹងរ៉ឹងទាំងនេះ បានកើតឡើងចំពេលដែលប្រទេសបង់ក្លាដែស្ហ កំពុងប្រឈមមុខនឹងសម្ពាធថាមពលយ៉ាងខ្លាំង។ ប្រទេសនេះ ត្រូវនាំចូលប្រេងប្រហែល ៩៥ ភាគរយពីក្រៅប្រទេស ដែលជាចម្បងគឺមកពីប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា ហើយបច្ចុប្បន្នកំពុងប្រឈមនឹងហានិភ័យខ្ពស់ ដោយសារតែផ្លូវដឹកជញ្ជូនផ្គត់ផ្គង់មិនមានស្ថេរភាព ។
ការរំខានដល់ការដឹកជញ្ជូនតាមកប៉ាល់នៅក្នុងច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រហែល ២០ ភាគរយរបស់ពិភពលោក បានរុញច្រានឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងធ្វើឱ្យការនាំចូលមានភាពតានតឹង។ ការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់នេះ បណ្តាលមកពីភាពតានតឹងដែលបានកើនឡើងជាលំដាប់ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល បានបើកប្រតិបត្តិការយោធាវាយប្រហាររួមគ្នាលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ កន្លងទៅ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.