នគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធអនឡាញនៅក្រុងបាវិត ឃាត់ខ្លួនជនបរទេស ៩នាក់
ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅផ្ទះវីឡាជួល ក្នុងក្រុងបាវិត ដោយឃាត់ខ្លួនជនបរទេសចំនួន ៩នាក់ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ស្តីពីការបន្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញនៅទូទាំងខេត្ត។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងនគរបាលខេត្តស្វាយរៀង ដោយមានការសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គ ប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង។
សមត្ថកិច្ច បានចុះឆែកឆេរទីតាំងស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត និងឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ក្នុងនោះមានជនជាតិវៀតណាម ៨នាក់ (ស្រី ៣នាក់) និងជនជាតិចិន ១នាក់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រលើតុប្រភេទ All-in-One ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់ពាក់ព័ន្ធផ្សេងៗទៀត ដែលសង្ស័យប្រើប្រាស់ក្នុងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយឡែក ទីតាំងខាងលើ ត្រូវបានក្រុមការងារបិទ និងបោះស៊ីលជាបណ្តោះអាសន្ន ដើម្បីបន្តការស្រាវជ្រាវ៕
អត្ថបទ៖ មិន ភក្តី