មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញរដ្ឋបាលខេត្តកណ្ដាល បន្តពង្រឹងសន្តិសុខ និងបង្ក្រាប Online Scam
កណ្ដាល៖ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជំរុញឱ្យរដ្ឋបាលខេត្តកណ្តាល ត្រូវបន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមមានបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព។
ការជំរុញនេះ បានធ្វើឡើងខណៈលោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា តំណាងលោកអគ្គសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក លី វុទ្ធី ជាអភិបាលរងខេត្តកណ្ដាល ជំនួសលោក តាំង ម៉េងលាង ដែលបានបញ្ចប់អាណត្តិបម្រើការងាររយៈពេល ៨ឆ្នាំ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៤៦៨ អនក្រ.តត។
ថ្លែងក្នុងពិធីនេះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានរួមសហការគ្នាយ៉ាងសកម្មក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។
លោកបានបញ្ជាក់ថា លោក លី វុទ្ធី ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តប្រើប្រាស់ចំណេះដឹង សមត្ថភាព និងបទពិសោធន៍ការងាររបស់ខ្លួន ដើម្បីចូលរួមដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍខេត្តកណ្ដាលឱ្យកាន់តែមានការរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលខេត្តកណ្ដាលឱ្យបន្តពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោក ក៏បានសង្កត់ធ្ងន់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយអនុវត្តឱ្យបានតឹងរ៉ឹងតាមច្បាប់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិ៕
អត្ថបទ៖ ឈុន សុភ័ក្រ