សេដ្ឋកិច្ច

កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន

image

ភ្នំពេញ៖ ក្នុងឱកាសជំនួបទ្វេភាគីរវាងលោករដ្ឋមន្ត្រី ឌិត ទីណា និងលោកស្រីរដ្ឋមន្ត្រី Sun Meijun នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាលើពិធីសារចំនួនពីរ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលសាច់គោ និងមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័ក ដំណាំនិងបសុសត្វ និងការនាំចេញ និងនាំចូលចំណីអាហារដែលមានសុវត្ថិភាព ផងដែរ។


នាឱកាសនេះ លោក ឌិត ទីណា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន ដែលកំពុងផ្តល់លទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ ភាគីទាំងពីរបាននិងកំពុងសហការគ្នាពន្លឿននីតិវិធីចាំបាច់នានា ជាពិសេសការចុះបញ្ជីជាមួយ GACC និងការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ដើម្បីបើកផ្លូវឱ្យកសិផលកម្ពុជាចូលទីផ្សារចិនកាន់តែងាយស្រួល។


សូមបញ្ជាក់ផងដែរថា ពិធីសារលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ ឬហៅកាត់ថា SPS គឺជាយន្តការព្រមព្រៀងគ្នាបើកទីផ្សារដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរ។ ពិធីសារ SPS កំណត់លក្ខខណ្ឌ ថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូន ដើម្បីធានាថារាល់កសិផលនាំចេញទាំងអស់ មិនមានផ្ទុកមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងដំណាំឡើយ។


បើគ្មានពិធីសារ SPS ទេ គឺមិនអាចនាំចេញបានទេ បើទោះបីជាមានអ្នកចាំទិញក៏ដោយ ពីព្រោះប្រទេសនាំចូលតម្រូវឱ្យមានការចុះហត្ថលេខាលើពិធីសារ SPS លើកសិផលនីមួយៗជាមុនសិន ទើបគេអនុញ្ញាតឱ្យចូលក្នុងទីផ្សាររបស់គេជាផ្លូវការបាន។


ការចុះពិធីសារនិងអនុស្សាណៈនៃការយោគយល់ខាងលើនេះ បញ្ជាក់ពីលទ្ធផលផ្លែផ្កា ផ្អែកលើគោលចំហររួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនទំហំកសិ-ពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងនោះ ភាគីទាំងពីរនឹងជំរុញការនាំចេញកសិផលសក្តានុពលពីកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងធានាបាននូវគុណភាព និងស្តង់ដារអនាម័យ សំដៅនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕