ព្យុះសង្ឃរា Jangmi បង្កជារលកយក្សបោកបក់តំបន់ឆ្នេរសមុទ្រជប៉ុន យ៉ាងគួរឱ្យភ័យខ្លាច
ជប៉ុន៖ ទីក្រុងឆ្នេរសមុទ្រ នីឈីណាន (Nichinan) ប្រទេសជប៉ុន រងនូវការវាយប្រហារយ៉ាងខ្លាំងក្លាដោយរលកសមុទ្រយក្ស និងខ្យល់កន្ត្រាក់ ក្នុងពេលដែលព្យុះត្រូពិច ចាងមី (Jangmi) បានបក់បោកតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃពុធ ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីប្រកាសអាសន្នដោយអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពេលដែលព្យុះនេះ កំពុងបន្តរំកិលខ្លួនទៅភាគឦសាន ឆ្ពោះទៅកាន់តំបន់កាន់តូ និងទីក្រុងតូក្យូ ដែលអាចបង្កជាភ្លៀងធ្លាក់ជន់លិច និងការរអិលបាក់ដី ។
មុននឹងថមថយឥទ្ធិពលមកជាព្យុះត្រូពិចដែលមានកម្លាំងខ្យល់បក់ប្រមាណជា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះចាងមី ធ្លាប់បានវាយប្រហារចំខេត្តវ៉ាកាយ៉ាម៉ា (Wakayama) ជាមួយនឹងកម្លាំងខ្យល់បោកបក់ខ្លាំងស្មើនឹងកម្រិតព្យុះទីហ្វុងដ៏គួរឱ្យខ្លាច ។
គ្រោះមហន្តរាយធម្មជាតិនេះ បានបង្កការខូចខាត និងរំខានយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធដឹកជញ្ជូនទូទាំងប្រទេស ដោយសារតែជើងហោះហើររាប់រយត្រូវបានលុបចោល សេវាធ្វើដំណើរតាមរថភ្លើងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន និងធ្វើឱ្យផ្ទះប្រជាពលរដ្ឋរាប់ម៉ឺនខ្នងត្រូវងងឹតសូន្យឈឹងដោយសារតែគ្មានចរន្តអគ្គិសនី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.