ខេត្តព្រះវិហារ បន្តពង្រឹងការគ្រប់គ្រងយានដ្ឋាន ដោយជំរុញការចុះបញ្ជី និងបន្តសុពលភាពអាជ្ញាបណ្ណអាជីវកម្មស្របច្បាប់
ព្រះវិហារ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយមន្ត្រីអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត បានចុះធ្វើបច្ចុប្បន្នភាពទិន្នន័យយានដ្ឋានជួសជុល និងកែច្នៃដំឡើងរថយន្ត ព្រមទាំងជំរុញម្ចាស់យានដ្ឋានឱ្យចុះបញ្ជីថ្មី និងបន្តសុពលភាពលិខិតអនុញ្ញាតធ្វើអាជីវកម្ម ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
សកម្មភាពនេះ ត្រូវបានអនុវត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅស្រុកជាំក្សាន្ត ស្រុកគូលែន និងក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យអាជីវកម្មយានដ្ឋាន និងពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យដឹកជញ្ជូន។
ក្នុងឱកាសនោះ ក្រុមការងារបានផ្សព្វផ្សាយពីនីតិវិធីចុះបញ្ជីថ្មី និងបន្តសុពលភាពលិខិតអនុញ្ញាតធ្វើអាកម្មយានដ្ឋានជួសជុល និងកែច្នៃដំឡើងរថយន្ត ដោយណែនាំម្ចាស់អាជីវកម្មឱ្យដាក់ពាក្យស្នើសុំតាមរយៈយន្តការច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ដើម្បីធានាបាននូវភាពស្របច្បាប់ និងងាយស្រួលក្នុងការផ្តល់សេវាសាធារណៈ។
ជាមួយគ្នានេះ ក្រុមការងារ ក៏បានចែកជូនស្ទីកឃ័រអប់រំសុវត្ថិភាពចរាចរណ៍ក្រោមប្រធានបទ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផ្ទាំងកំណត់ទំហំទ្រុងរថយន្ត ដើម្បីបង្កើនការយល់ដឹង និងជំរុញការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕
អត្ថបទ៖ សុភ័ស្ស